ខេត្តក្រចេះ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជ អាវុធហត្ថស្រុកឆ្លូង ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ក្រោយខឹងម្តាយស្តីបន្ទោស និងហាមមិនឱ្យប្រើប្រាស់គ្រឿងញៀន រហូតទាញកំណាត់ដែកបួនជ្រុងវាយម្តាយរបស់ខ្លួន បណ្តាលឱ្យរងរបួស ។
ការឃាត់កូនតិរច្ឆាននេះធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៦ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន ស្រុកឆ្លូង ខេត្តក្រចេះ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ។
តាមការបញ្ជាក់របស់សមត្ថកិច្ច មុនឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានកំពុងប្រើប្រាស់គ្រឿងញៀននៅលើផ្ទះតែម្នាក់ឯង ពេលនោះ ម្តាយបានឡើងទៅលើផ្ទះនិងឃើញកូនកំពុងប្រើប្រាស់គ្រឿងញៀន ក៏បានស្តីបន្ទោស និងហាមមិនឱ្យបន្តប្រើប្រាស់ទៀត ។
បន្ទាប់មក ម្តាយបានយកសម្ភារៈមួយចំនួនដែលប្រើ ប្រាស់ពាក់ព័ន្ធនឹងគ្រឿងញៀនទៅបោះចោល ដោយខឹងនឹងទង្វើរបស់ម្តាយ ជនសង្ស័យបានស្ទុះទៅយកកំណាត់ដែកបួនជ្រុង រួចវាយម្តាយរបស់ខ្លួនចំក្បាល និងទ្រូងជាច្រើនកន្លែង បណ្តាលឱ្យរងរបួសហូរឈាម និងមានអាការៈវិលមុខដួល ។
ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ដឹកនាំដោយលោក កង ស៊ុម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការ និងឃាត់ខ្លួនជន សង្ស័យបានម្នាក់ឈ្មោះ សុះ រុំម៉ានី ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចផ្ទះរបស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកំពុងត្រូវបានសមត្ថកិច្ចជំនាញអនុវត្តនីតិវិធីបន្តតាមច្បាប់ ៕










