ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់ដល់ដំណើរការដោះស្រាយជូនអតិថិជនដែលបានទិញ ផ្ទះ និងដីឡូត៍ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងតម្រោងជ្រែមួយរយ របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង និងភូមិជ្រៃមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ក្រសួង ដ.ន.ស. បានអនុញ្ញាតឱ្យក្រុមហ៊ុន ដាក់លក់ឡៃឡុងដីឡូត៍ដែលនៅ ទំនេរចំនួន ១ ២៩១ក្បាលដី ក្នុងគម្រោង ឡេង ណាវ៉ាត្រា ដែលមានទីតាំងស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ការដាក់លក់ដីឡូត៍ឡៃឡុងនេះ ជាដីដែលមានទីតាំងពិតប្រាកដ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ (បណ្ណបំបែកក្បាលដី) រួចរាល់ មិនពាក់ព័ន្ធនឹងតតិយជន និងមិនប៉ះពាល់លើទីតាំងដីឡូត៍ ដែលអតិថិជនបានទិញឬដោះដូរកន្លងមកនោះឡើយ។
រាល់ប្រតិបត្តិការទូទាត់ប្រាក់លក់ទិញដីឡូត៍ខាងលើ ត្រូវធ្វើឡើងតាមគណនីក្រសួងនៅធនាគារកាណាឌីយ៉ា ដែលមានលេខ 001-0008564111 ដូចមានក្នុង QR Code ភ្ជាប់ក្នុងសេចក្តីប្រកាសព័ត៌មាននេះ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ៖តារា










