ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនភ្លាមៗ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូចូលលួចទូរសព្ទដៃចំនួន ៤ គ្រឿង ពីក្នុងហាងសាឡនមួយកន្លែង កាលពីវេលាម៉ោង ១១៖៥០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅហាង «១៩៨៨ សាឡន» ផ្ទះលេខ១២AE0E1 ផ្លូវលេខ២០២០ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះចំនួន ២នាក់ រួមមាន៖ ទី១. ឈ្មោះ សំអុល ស្រីផា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរជាងសាឡន និងទី២. ឈ្មោះ អ៉ីន សារឿន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរជាងសាឡន។ អ្នកទាំងពីរធ្វើការនៅហាងសាឡនខាងលើ និងស្នាក់នៅទីតាំងកើតហេតុ។
ដោយឡែក ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ឃុង ឡា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលតាមផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់សមត្ថកិច្ច នៅពេលកើតហេតុ ជនរងគ្រោះទាំងពីរកំពុងកក់សក់ឱ្យភ្ញៀវនៅក្នុងហាង។ ស្រាប់តែជនសង្ស័យម្នាក់បានចូលមកយកទូរសព្ទដៃដែលដាក់នៅលើសាឡុងទទួលភ្ញៀវ ចំនួន ៤គ្រឿង រួមមាន ទូរសព្ទម៉ាក SAMSUNG ពណ៌កាម៉ៃ ១គ្រឿង, SAMSUNG ពណ៌ខ្មៅ ១គ្រឿង, VIVO ពណ៌ខ្មៅ ១គ្រឿង និង iPhone 11 ពណ៌ស្វាយ ១គ្រឿង។
នៅពេលឃើញហេតុការណ៍នេះ ឈ្មោះ អ៉ីន សារឿន បានស្រែកឆោឡោថា «ចោរៗ» ហើយនាង និងឈ្មោះ សំអុល ស្រីផា បាននាំគ្នារត់ដេញតាមជនសង្ស័យចេញពីហាង។
តាមការរាយការណ៍ ជនសង្ស័យមានគ្នា ២នាក់ គឺឈ្មោះ ឃុង ឡា ជាអ្នកបើកម៉ូតូ និងបក្ខពួកម្នាក់ទៀតឈ្មោះ ជា ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ដែលជាអ្នកចូលធ្វើសកម្មភាពលួចទូរសព្ទ។ ពួកគេបានជិះម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BF-6021 ដើម្បីគេចខ្លួន។ ទោះជាយ៉ាងណា ពេលជិះគេចខ្លួន ម៉ូតូរបស់ពួកគេបានទាក់ដៃចង្កូតជាមួយម៉ូតូកង់បីឥណ្ឌា បណ្តាលឱ្យដួល និងធ្វើឱ្យទូរសព្ទចំនួន ៣គ្រឿងធ្លាក់ចេញពីដៃ រួមមាន SAMSUNG ពណ៌កាម៉ៃ, SAMSUNG ពណ៌ខ្មៅ និង VIVO ពណ៌ខ្មៅ។ បន្ទាប់មក ជនសង្ស័យទាំងពីរបានរត់គេចខ្លួន ដោយម្នាក់បានយកទូរសព្ទ iPhone 11 ពណ៌ស្វាយ រត់ឆ្ពោះទៅមាត់ប្រឡាយ បុរី លឹម ឈាងហាក់។
ស្របពេលនោះ កម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតនៅក្បែរនោះ បានអន្តរាគមន៍ និងដេញតាមឃាត់ខ្លួនឈ្មោះ ឃុង ឡា បាននៅចំណុចផ្លូវបេតុង ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនឹងវត្ថុតាង មុននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីសាកសួរតាមនីតិវិធី។ ចំណែកបក្ខពួកឈ្មោះ ជា បានយកទូរសព្ទ iPhone 11 របស់ជនរងគ្រោះរត់គេចខ្លួនបាត់។
ក្រោយការសាកសួរ ជនសង្ស័យឈ្មោះ ឃុង ឡា បានឆ្លើយសារភាពចំពោះសមត្ថកិច្ចថា រូបគេ និងបក្ខពួកឈ្មោះ ជា ពិតជាបានចូលធ្វើសកម្មភាពលួចទូរសព្ទរបស់ជនរងគ្រោះប្រាកដមែន។ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ភារ៉ា ដង្កោ










