បារាំង៖ ប្រភពតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធថា តុលាការបារាំងបានសម្រេចតម្កល់សេចក្តីសម្រេចក្នុងការបញ្ជូនកីឡាករបាល់ទាត់ Achraf Hakimi របស់ក្លិប Paris Saint-Germain និងក្រុមជម្រើសជាតិម៉ារ៉ុក ទៅជំនុំជម្រះជុំវិញបទចោទប្រកាន់ពីបទចាប់រំលោភ។
តុលាការឧទ្ធរណ៍បានបញ្ជាក់កាលពីថ្ងៃទី ១៩ ខែមិថុនា ក្នុងអំឡុងពេលប្រកួតពានរង្វាន់ World Cup ថា Hakimi នឹងត្រូវឡើងសវនាការនៅតុលាការព្រហ្មទណ្ឌ ជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើស្ត្រីម្នាក់កាលពីឆ្នាំ ២០២៣ ដែលជាការចោទប្រកាន់ដែលរូបគេបានបដិសេធជាបន្តបន្ទាប់។
Hakimi វ័យ ២៧ ឆ្នាំ បានដាក់បណ្តឹងតវ៉ាចំពោះសេចក្តីសម្រេចនោះទៅកាន់តុលាការកំពូល ដែលជាស្ថាប័នតុលាការកំពូលបំផុតនៅក្នុងប្រព័ន្ធយុត្តិធម៌របស់បារាំង សម្រាប់កិច្ចការរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។
បណ្តឹងឧទ្ធរណ៍នេះគឺជាផ្លូវច្បាប់ចុងក្រោយបង្អស់របស់ Hakimi។ កាលពីខែកុម្ភៈ រូបគេត្រូវបានតុលាការបង្គាប់ឱ្យឡើងសវនាការនៅចំពោះមុខតុលាការព្រហ្មទណ្ឌ ក្នុងខេត្ត Hauts-de-Seine លើបទចោទប្រកាន់ពីបទចាប់រំលោភ។
Hakimi បានតវ៉ានឹងដីកាដំបូងនោះ ហើយបន្ទាប់មកបានបន្តប្តឹងទៅតុលាការកំពូល បន្ទាប់ពីតុលាការឧទ្ធរណ៍នៃទីក្រុង Versailles បានសម្រេចតម្កល់សេចក្តីសម្រេចកាលពីខែមិថុនា។
មេធាវីរបស់កីឡាកររូបនេះ គឺលោកស្រី Fanny Colin បានប្រាប់ AFP ថា៖ «ការចោទប្រកាន់មកលើ Achraf Hakimi ដែលរូបគេបានបដិសេធយ៉ាងមុតមាំចាប់តាំងពីថ្ងៃដំបូង មិនទាន់ត្រូវបានពិនិត្យដោយតុលាការកំពូលនៅឡើយទេ»។
មេធាវីរូបនេះបានបន្តថា៖ «ការចោទប្រកាន់ទាំងនោះ នឹងត្រូវពិនិត្យនៅក្នុងអំឡុងពេលសវនាការជំនុំជម្រះ ដែលនៅពេលនោះ ភស្តុតាងការពារក្តីទាំងអស់របស់ Achraf Hakimi នឹងត្រូវដាក់បង្ហាញជាសាធារណៈ»។
លោកស្រីបានបន្ថែមថា កូនក្តីរបស់លោកស្រី «គ្មានអ្វីត្រូវលាក់បាំងឡើយ» ហើយបានសហការយ៉ាងពេញលេញជាមួយនគរបាល និងអាជ្ញាធរតុលាការទូទាំងដំណើរការស៊ើបអង្កេត ហើយនឹងបន្តធ្វើបែបនេះនៅក្នុងសវនាការនាពេលខាងមុខ។
ចំណែកឯមេធាវីតំណាងឱ្យដើមបណ្តឹង បាននិយាយថា សេចក្តីសម្រេចក្នុងការបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ បានឆ្លុះបញ្ចាំងពី «ភាពរឹងមាំ និងភាពម៉ឺងម៉ាត់នៃហេតុផលរបស់តុលាការឧទ្ធរណ៍»។
មេធាវីរបស់ស្ត្រីរងគ្រោះ លោកស្រី Rachel-Flore Pardo បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើជូន AFP ថា៖ «បន្ទាប់ពីការតស៊ូតាមផ្លូវច្បាប់អស់រយៈពេលបីឆ្នាំកន្លះ បន្ទាប់ពីត្រូវគេបរិហារកេរ្តិ៍ និងកៀបសង្កត់ដោយភាគីការពារក្តីរបស់ Achraf Hakimi កូនក្តីរបស់ខ្ញុំមានចិត្តប្តេជ្ញាយ៉ាងមុតមាំក្នុងការទាមទារប្រកាសស្វែងរកយុត្តិធម៌ ហើយនាងនឹងតស៊ូប្រជែងរហូតដល់ទីបញ្ចប់»។
កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ស្ត្រីម្នាក់ដែលមានអាយុ ២៤ ឆ្នាំនាពេលនោះ បានប្រាប់នគរបាលក្នុងតំបន់ Val-de-Marne ភាគអាគ្នេយ៍ទីក្រុងប៉ារីសថា Hakimi បានរំលោភរូបនាង។
ប្រភពនគរបាលបាននិយាយនាពេលនោះថា ដើមបណ្តឹងបាននិយាយថា នាងបានស្គាល់ Hakimi ក្នុងខែមករា ឆ្នាំ ២០២៣ តាមបណ្តាញ Instagram ហើយបានធ្វើដំណើរទៅផ្ទះរបស់គេតាមតាក់ស៊ីដែលកីឡាករូបនេះបានកក់ឱ្យ។
នាងបានអះអាងថា កីឡាករូបនេះបានថើបនាង ស្ទាបអង្អែលនាងដោយគ្មានការយល់ព្រម ហើយបន្ទាប់មកបានចាប់រំលោភនាង។ នាងបាននិយាយថា នាងអាចរុញច្រានគេចេញបាន និងបានផ្ញើសារទៅកាន់មិត្តភក្តិម្នាក់ឱ្យមកទទួលនាង។
Hakimi ត្រូវបានចោទប្រកាន់ពីបទចាប់រំលោភប៉ុន្មានថ្ងៃក្រោយមក។
ភាគីក្លិប PSG បាននិយាយថា Hakimi «តែងតែបដិសេធយ៉ាងមុតមាំចំពោះការចោទប្រកាន់មកលើរូបគេ» ហើយបន្តទទួលបានផលប្រយោជន៍ពីគោលការណ៍សន្មតថាមិនមានទោស។
ក្លិប PSG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើជូន AFP ថា៖ «ក្លិបមានប្តេជ្ញាចិត្តក្នុងការធានានូវបរិយាកាសការងារប្រកបដោយភាពស្ងប់ស្ងាត់ និងការគោរពសម្រាប់កីឡាកររបស់ខ្លួន អនុលោមតាមគោលការណ៍គ្រឹះនៃនីតិរដ្ឋ»។
ម្ចាស់ជើងឯកលីគកំពូលបារាំងរូបនេះ ក៏បានបញ្ជាក់ឡើងវិញនូវ «ការប្តេជ្ញាចិត្តជាប្រចាំ និងច្បាស់លាស់របស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងរាល់ទម្រង់នៃអំពើហិង្សា ជាពិសេសអំពើហិង្សាផ្លូវភេទ»៕










