ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង បានចេញដីកាកោះហៅជាលើកទី២ ឲ្យលោកស្រី ប៊ូ រចនា ភរិយានៃសពលោកបណ្ឌិត កែម ឡី ចូលបំភ្លឺនៅរសៀលថ្ងៃទី១៧ ខែតុលា ខាងមុខនេះ ។ នេះបើយោងតាមដីកាកោះហៅរបស់តុលាការដែលទើបទទួលបាននៅព្រឹកនេះប។
គួររំលឹកថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្រោយហេតុការណ៍នេះ បុរសម្នាក់ដែលសារភាពថាជាឃាតកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ហើយបច្ចុប្បន្នកំពុងជាប់ពន្ធនាគារព្រៃស ។
ឃាតករូបនេះ សារភាពថាខ្លួនឈ្មោះ ជួប សម្លាប់ ត្រូវបានតុលាការចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ និង បទឃាតកម្មគិតទុកជាមុន តាមមាត្រា៤៩០ និង ២០០ នៃក្រមព្រហ្មទណ្ឌ ។
បទចោទប្រកាន់ទាំងនេះ អាចធ្វើឲ្យឃាតកប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថាមានពិរុទ្ធភាព ដូចការចោទប្រកាន់មែន ៕
ដោយ៖ ចេស្តា