ខេត្តព្រះសីហនុ៖ ការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម ម្ចាស់ទីតាំង និងអ្នកលក់ដូរទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការយកទ្រូងផ្លូវ និងផ្លូវក្រានីតសម្រាប់ថ្មើរជើង ធ្វើជាអាជីវកម្ម ឬដាក់សម្ភារៈផ្ទាល់ខ្លួន ដែលបង្កបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។
យោងតាមការកត់សម្គាល់របស់សមត្ថកិច្ចនាពេលថ្មីៗនេះ បានរកឃើញថា មានម្ចាស់អាជីវកម្មលក់ដូរ អ្នកលក់ដូរតាមរទេះរម៉ក ម្ចាស់គ្រឹះស្ថាន និងម្ចាស់ផ្ទះមួយចំនួន បានធ្វើការចតយានយន្ត ដាក់តាំងផ្លាកយីហោ ដាក់ធុងសម្រាម និងសម្ភារៈផ្សេងៗលើដងផ្លូវសាធារណៈ ឬផ្លូវក្រានីតសម្រាប់ដើរថ្មើរជើង ព្រមទាំងការឈប់ចតយានយន្តបញ្ច្រាសទិសចរាចរណ៍នៅតាមបណ្តោយផ្លូវនានា និងចំណុចជុំវិញទីផ្សារក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ សកម្មភាពទាំងនេះបាននិងកំពុងបង្កឱ្យមានភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់សង្គម ខូចខាតទ្រព្យសម្បត្តិសាធារណៈ និងប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើររបស់សាធារណជន។
ការចូលរួមសហការពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកថែរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តខេត្តព្រះសីហនុយើងកាន់តែច្រើនកុះករថែមទៀត ៕










