ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃពុធ ទី២៣ កញ្ញា ២០២៦ បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេង និងឥន្ធនៈ។
គ្រួសារគោលដៅនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លើក គឺលើកទី១៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦, លើកទី២៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦, លើកទី៣៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦,លើកទី៤៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។ បច្ចុប្បន្នក្រសួងផែនការ បានរៀបចំបញ្ជីបច្ចុប្បន្នកម្មគ្រួសារគោលដៅរួចរាល់ ហើយមូលនិធិជាតិ ជំនួយសង្គម ក៏បាន និងកំពុងរៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋគោលដៅ តាមកាលបរិច្ឆេទខាងលើ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តតាមដាន និងវាយតម្លៃស្ថានការណ៍ ព្រមទាំងត្រៀមដាក់ចេញវិធានការគាំទ្របន្ថែមនៅពេលចាំបាច់ ដោយប្រកាន់ខ្ជាប់ស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» និងក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធី គោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕ដោយ៖តារា










