ខេត្តព្រះសីហនុ៖ វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានទទួលគ្រឿងញៀន ចំនួន ៦០កញ្ចប់ ស្មើនឹង ៦០គីឡូក្រាម ពីប្រជានេសាទម្នាក់ ឈ្មោះ ស៉ី សឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកនេសាទ ស្នាក់នៅភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។
តាមការបញ្ជាក់ជូនសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ ប្រជានេសាទខាងលើ បានប្រទះឃើញនិងស្រង់គ្រឿង ញៀនលើផ្ទៃសមុទ្រ ចំនួន ០៣បាវ ស្មើនឹង ៦០កញ្ចប់ នៅចំណុចម្ដុំកោះសេះ ស្ថិតក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
នៅវេលាម៉ោង១៥នឹង០០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការប្រគល់គ្រឿងញៀន ចំនួន៦០កញ្ចប់ ទៅឱ្យលោកវរសេនីយ៍ឯក អិន សំអុល នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ចែងអនុវត្តនិតីវិធីបន្ត៕










