សារព័ត៌មាន Reuters បានផ្សាយថានាថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ អ៉ីរ៉ង់កំពុងរង់ចាំការឆ្លើយតបជាផ្លូវការពីសហរដ្ឋអាមេរិក ចំពោះសំណើរបស់ខ្លួនដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបញ្ចប់ការប្រយុទ្ធក្នុងសង្គ្រាមរីករាលដាលនៅមជ្ឈិមបូព៌ា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាមេរិក បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់បានបដិសេធសំណើនេះ។
អ៉ីរ៉ង់បានលើកឡើងពីគំនិតផ្តួចផ្តើមការទូតខាងលើនេះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ដោយនិយាយថា វាត្រូវបានបញ្ជូនទៅភាគីអាមេរិក តាមរយៈកាតាដែលដើរតួនាទីជាអ្នកសម្របសម្រួលជម្លោះ ហើយអាចធ្វើឱ្យច្រកផ្លូវទឹកយុទ្ធសាស្ត្រ Hormuz បើកឡើងវិញ ព្រមទាំងញ្ចប់អរិភាពទាំងអស់នៅទូទាំងតំបន់ ក្នុងរយៈពេល៧ថ្ងៃ។
រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានប្រាប់អ្នកសារព័ត៌មាននៅ UN កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងនេះនឹងចាប់ផ្តើមការរាប់ថយក្រោយ រយៈពេល៧ថ្ងៃ សម្រាប់ការបើកច្រកសមុទ្រ និងបញ្ឈប់ការប្រយុទ្ធគ្នាទាំងឡាយនៅក្នុងតំបន់។ លោកបាននិយាយដូច្នេះថា «ប្រសិនបើមានភាពម៉ឺងម៉ាត់ពីភាគីអាមេរិក ក្នុងការឈានដល់កិច្ចព្រមព្រៀង និងបើកច្រកសមុទ្រ Hormuz ឡើងវិញ អ្វីៗគ្រប់យ៉ាងបានត្រៀមរួចរាល់ហើយ»។ លោក Araqchi បានបន្តថា ប្រសិនបើអាមេរិកយល់ព្រម ភាគីដែលកំពុងធ្វើសង្គ្រាម អាចចាប់ផ្តើមការចរចាទូលំទូលាយបន្ថែមទៀតលើ «បញ្ហាដែលបានព្រមព្រៀងគ្នាទៅវិញទៅមក»។
ការចរចានោះ អាចនឹងរួមបញ្ចូលការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ លោក ត្រាំ បានប្តេជ្ញាថា ទីក្រុងតេហេរ៉ង់ នឹងមិនអាចមានអាវុធនុយក្លេអ៊ែរឡើយ ខណៈមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់បានប្រាប់ Reuters ថា អ៉ីរ៉ង់នឹងមិនបត់បែនដាច់ខាតជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ទោះបីអាមេរិកទទួលយកសំណើសន្តិភាព របស់អ៉ីរ៉ង់ក៏ដោយ។ មន្ត្រីរូបនេះបាននិយាយថា អ៉ីរ៉ង់នឹងមិនផ្តល់សម្បទានណាមួយចំពោះសិទ្ធិរបស់ខ្លួនឡើយ រួមទាំងសិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឬក្នុងការដឹកជញ្ជូនអ៊ុយរ៉ាញ៉ូមដែលមានកម្រិតចម្រាញ់ខ្ពស់របស់ខ្លួន ចេញពីប្រទេស។
ទោះជាបែបនេះក៏ដោយ អ៉ីរ៉ង់បានដាក់ចេញផែនការមួយ ដែលនឹងបញ្ឈប់ការប្រយុទ្ធគ្នានៅគ្រប់សមរភូមិទាំងអស់ រួមទាំងនៅប្រទេសលីបង់។ បើតាមលោក Araqchi ជាថ្នូរមកវិញ អាមេរិកត្រូវលុបចោល ការបិទខ្ទប់កំពង់ផែរបស់អ៉ីរ៉ង់ ដោះលែងមូលនិធិរបស់អ៉ីរ៉ង់ដែលត្រូវបានបង្កក និងលុបចោលទណ្ឌកម្មលើ ការនាំចេញប្រេងរបស់អ៉ីរ៉ង់។ ប៉ុន្តែតាមរបាយការណ៍របស់កាសែតអាមេរិក Wall Street Journal លោក ដូណាល់ ត្រាំ ដូចជាមិនជឿជាក់ថា អ៉ីរ៉ង់នឹងបំពេញតាមការទាមទាររបស់លោកទេ ហើយលោកបានប្រាប់ក្រុមមន្រ្តីជំនិតថា លោកមើលឃើញ ការបើកយុទ្ធនាការទម្លាក់គ្រាប់បែកជាថ្មី ទំនងជានឹងត្រូវកើតឡើង។
កិច្ចប្រឹងប្រែងការទូតបន្តបន្ទាប់កន្លងមក មិនអាចស្វែងរកទីបញ្ចប់សម្រាប់សង្គ្រាមនៅអ៉ីរ៉ង់ ដែលបានផ្ទុះឡើង កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល។ ចាប់តាំងពីពេលនោះមក ស្ថានភាពសង្រ្គាមបានឆ្លាស់ទៅឆ្លាស់មកវាងការផ្អាក និងការប្រយុទ្ធ។ អ៉ីរ៉ង់ និងបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន បានឆ្លើយតបដោយពង្រីកជម្លោះទៅទូទាំងតំបន់។ អ៉ីរ៉ង់បានបិទខ្ទប់ច្រកសមុទ្រ Hormuz និងបានវាយប្រហារសម្ព័ន្ធមិត្តរបស់អាមេរិក នៅតំបន់ឈូងសមុទ្រអារ៉ាប់ ដោយប្រើដ្រូននិងមីស៊ីល ខណៈសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន បានកំណត់គោលដៅលើផលប្រយោជន៍របស់អារ៉ាប៊ីសាអូឌីត។ ចំណែក ក្រុមកងជីវពលនៅអ៉ីរ៉ាក់ ដែលមានទំនាក់ទំនងជាមួយអ៉ីរ៉ង់វិញ ត្រូវបានចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការវាយប្រហារលើបំពង់បង្ហូរប្រេង ដែលធ្វើឱ្យការផ្គត់ផ្គង់ប្រេងរបស់អារ៉ាប៊ីសាអូឌីត ទៅកាន់ទីផ្សារពិភពលោក ថយចុះបន្ថែមទៀត ជាបណ្តោះអាសន្ន។ ទន្ទឹមនឹងគ្នានេះ ក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់ កំពុងបន្តប្រយុទ្ធគ្នាជាមួយកងកម្លាំងអ៉ីស្រាអែល នៅឯប្រទេសលីបង់៕

រូបថត: TTXVN









