សហរដ្ឋអាមេរិក ៖ ថ្លែងនៅក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសជិតខាងដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ ព្រមទាំងបន្សល់ទុកនូវការខូចខាតដល់បេតិកភណ្ឌវប្បធម៌ និងការគំរាមកំហែងពីគ្រាប់មិនទាន់ផ្ទុះ។ ទោះជាយ៉ាងក្តី ដោយសារភូមិសាស្ត្រជាអ្នកជិតខាងអចិន្ត្រៃយ៍ ការកសាងទំនុកចិត្តឡើងវិញគឺជាកត្តាចាំបាច់ ដោយផ្អែកលើការអនុវត្តពេញលេញ និងដោយសុឆន្ទៈនូវកិច្ចព្រមព្រៀងដែលមានស្រាប់ រួមមាន៖ សេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ, កុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) និងជាពិសេសសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានប្តេជ្ញាបដិសេធការគំរាមកំហែង ឬការប្រើកម្លាំង និងគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ។
ក្នុងនោះ កម្ពុជាបានស្នើឱ្យចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះ (JBC) ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។ ជាមួយគ្នានេះ ឯកឧត្ដមបានលើកឡើងពីបញ្ហាមនុស្សធម៌ចំពោះប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាន ដោយសារការបន្តកាន់កាប់ និងការរារាំងរបស់កម្លាំងយោធាថៃ ដែលអ្នករាយការណ៍ពិសេស អ.ស.ប. បានបញ្ជាក់កាលពីខែកក្កដាថា «ពួកគេត្រូវការ និងសមទទួលបានការអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ» ព្រមទាំងទាមទារឱ្យបញ្ឈប់សកម្មភាពបង្កើតស្ថានភាពជាក់ស្ដែង (fait accompli) ក្នុងទឹកដីដែលត្រូវបានកាន់កាប់។
ដោយឡែកចំពោះវិវាទដែនសមុទ្រ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បន្ទាប់ពីប្រទេសថៃបានសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) កាលពីខែឧសភាកន្លងទៅ កម្ពុជាបានសម្រេចចិត្តផ្ដើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីការពារអធិបតេយ្យ និងសិទ្ធិដែនសមុទ្ររបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ ដូចដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងកាលពីខែមិថុនា។ កម្ពុជាក៏បានថ្លែងអំណរគុណដល់គណៈកម្មការផ្សះផ្សា ចំពោះឆន្ទៈជួយដោះស្រាយវិវាទនេះ ក្នុងកិច្ចប្រជុំលើកទី១ នៅប្រទេសសិង្ហបុរី កាលពីដើមខែកញ្ញានេះផងដែរ៕
ដោយ ៖ សិលា










