សហរដ្ឋធាមេរិក ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាបានកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាព ពេញលេញ និងសុឆន្ទៈ ចំពោះរាល់ការព្រមព្រៀងគ្នា ក្នុងនោះរួមមានសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កុងសង់ស៊ីសហ៊្វុសៀន (Fuxian Consensus) និងជាពិសេសសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីកម្ពុជា-ថៃ បានប្តេជ្ញាចិត្តបដិសេធការគំរាមកំហែង ឬការប្រើកម្លាំង និងការគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ លោកឧបនាយករដ្ឋ ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» ទីក្រុងញ៉ូវយក, នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
នាឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបញ្ជាក់ថា ការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការដោះស្រាយបញ្ហាទាមទារ នានា ដែលនៅសេសសល់ពាក់ព័ន្ធនឹងព្រំដែន និងការបង្កើតខ្សែព្រំដែនមួយដ៏ច្បាស់លាស់ដែលភាគី ទាំងពីរទទួលស្គាល់ទៅវិញទៅមក ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ទន្ទឹមនោះផងដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា អ្វីដែលមានសារៈសំខាន់ដូចគ្នាដែរ ហើយមានផលប៉ះពាល់ ដោយផ្ទាល់លើផ្នែកមនុស្សធម៌ នោះគឺការមិនអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានខ្លួនវិញបានរបស់ប្រជា ពលរដ្ឋកម្ពុជាជាង ២០,០០០នាក់ ដោយសារការបន្តកាន់កាប់ ការរារាំងរបស់កម្លាំងយោធាថៃ។ ដូចដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងនៅពេលចុះទៅពិនិត្យ តំបន់ព្រំដែនកាលពីខែកក្កដាកន្លងទៅថា «ពួកគេត្រូវការ និងសមទទួលបាននូវការអនុញ្ញាតឱ្យ វិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ»៕
ដោយ ៖ សិលា











