ខេត្តឧត្ដរមានជ័យ៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ខាត់ វណ្ណា មេបញ្ជាការរង នាយសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី ម៉ូ សឿម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានធ្វើការត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ផ្ទៃក្នុងភូមិសាស្រ្ត និងសម្ភារៈសម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ជាយថាហេតុ ដែលបង្កដោយគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក មេបញ្ជាការរង បានលើកឡើង និងដាក់ចេញនូវផែនការត្រៀមកម្លាំងអន្តរាគមន៍ ២៤/២៤ម៉ោង ព្រមទាំងមធ្យោបាយ គ្រឿង បំពាក់សម្ភារៈ និង ការ ដឹកនាំ បញ្ជា ក្នុងភារកិច្ច ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ ក្នុងករណីដែលកើតមានឡើងជាយថាហេតុ នៅក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យទាំងមូល។
បន្ថែមពីលើនោះ លោកមេបញ្ជាការរង នាយសេនាធិការ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ដែលបានគោរពយ៉ាងមុឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ទាំងក្នុងភារកិច្ចការពារបូរណភាពទឹកដី ទាំងក្នុងភារកិច្ចការពារទប់ស្កាត់ ព្រមទាំងការសហការជាមួយអាជ្ញាធរ និងកងម្លាំងពាក់ព័ន្ធ អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ នាពេលកន្លងមក។
ទន្ទឹមនឹងនោះដែរ លោកមេបញ្ជាការរង បានផ្ដាំផ្ញើដល់កម្លាំងទាំងអស់ប្រុងប្រៀបខ្លួនរួចជាស្រេច និងមានមធ្យោបាយ គ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជាមួយនេះដែរ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ស្ដីពីលក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ នឹងត្រូវសាមគ្គីឯកភាពគ្នាខ្ពស់ ក្នុងពេលបំពេញភារកិច្ច៕
ដោយ ៖ សិលា










