ប្រទេសវៀតណាម ៖ ទស្សនកិច្ចគណៈប្រតិភូស.ស.យ.ក. នៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងយុវជននៃប្រទេសយើងទាំងពីរ ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ នេះជាលើកឡើងពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា ៖ នាឱកាសនេះ ខ្ញុំ និង ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ លេខាទី១ នៃគណៈមជ្ឈិមសហភាពយុវជនកុម្មុយនីស្តហូជីមិញ, ឯកឧត្តម ង្វៀន គីមគ្វី ប្រធានសហព័ន្ធយុវជនវៀតណាម (VYF) បានពិភាក្សាពិគ្រោះយោបល់ លើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌយុវជននៃប្រទេសទាំងពីរ និងការអនុវត្តអនុស្សរណៈយោគយល់គ្នារវាង ស.ស.យ.ក. និង VYF ឆ្នាំ២០២២-២០២៧ ដែលសម្រេចសមិទ្ធផលជាច្រើនកន្លងមក និងបន្តជំរុញគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីពូនជ្រំចំណងមិត្តភាព និងផលប្រយោជន៍របស់យុវជននៃប្រទេសទាំងពីរ។ ក្នុងឱកាសខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នាឆ្នាំ២០២៧ ភាគីទាំងពីរបានឯកភាពគិតគូររួមគ្នានូវកម្មវិធី និងសកម្មភាពដើម្បីចូលរួមអបអរសាទរ រួមជាមួយរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ប្រទេសយើងពីរ បានឆ្លងកាត់ការលំបាករៀងៗខ្លួន និងការសាកល្បងជាបន្តបន្ទាប់ ហើយទោះស្ថិតក្នុងបរិការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងណា ចំណងមិត្តភាពនេះនៅតែមានភាពរឹងមាំ។
លើសពីការងារ និងកិច្ចសហប្រតិបត្តិការផ្លូវការ នេះគឺជាទំនាក់ទំនងដ៏ជិតស្និទ្ធ សាមគ្គីភាព មិត្តភាព និងមនោសញ្ចេតនានេះ ផ្អែកលើមូលដ្ឋានដែលមានស្រាប់បន្សល់ទុកដោយអ្នកជំនាន់មុន និងបន្តជាមូលដ្ឋានដ៏កក់ក្តៅ ដែលអ្នកជំនាន់ក្រោយត្រូវបន្តថែរក្សាពូនជ្រំ ទាំងបច្ចុប្បន្ន និងទៅអនាគត ៕
ដោយ ៖ សិលា










