ភ្នំពេញ៖ បុរសម្នាក់លាក់ទុកថ្នាំញៀនក្នុងកញ្ចប់បារីMEViUSចំនួន១១កញ្ចប់ ដើម្បីធ្វើសកម្មភាពលក់ តែត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោកជិះល្បាតក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋនារដូវបុណ្យភ្ជុំបិណ្ឌនោះ បានប្រទះឃើញជនសង្ស័យក៏ឃាត់ខ្លួនសាកសួរនិងឆែកឆេររកឃើញថ្នាំញៀនជាក់ស្តែងតែម្តង ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅម្តុំផ្លូវរថភ្លើង ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះឡេង ចាន់ថន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលផ្លួវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ វត្ថុតាំងចាប់យកពីជនសង្ស័យមាន៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យគ្រឿងញៀនដាក់ក្នុងកញ្ចប់បារីMEViUS ចំនួន១១ថង់តូច(កញ្ចប់)។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕
...
ដោយ៖ ស តារា