ភ្នំពេញ៖ តារាសម្តែង ចម្រៀងនិងបង្ហាញម៉ូដ លោក នរៈ សិរីវិទ្យា បានប្រកាសថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយលុកទីផ្សារការងារជាពិធីករបន្តទៀតក្រោយលោកកាន់តែលេចធ្លោរជាមួយនឹងការងារសិល្បៈកន្លងមក។ ការប្រកាសនេះគឺក្នុងកម្មវិធីខួបកំណើតគម្រប់២៣ឆ្នាំរបស់ខ្លួននៅភោជនីយដ្ឋាន វីហ្វ្រេន កាលពីចុងសប្តាហ៍មុននេះក្រោមវត្តមានសិល្បករប្រមាណជាង១០០នាក់។
ក្រោយ ប្រឡូកក្នុងវិស័យសិល្បៈជាង៤ឆ្នាំ នរៈ សិរីវិទ្យាទើបនឹងបង្ហាញមុខក្នុងការសម្តែងជាមួយនឹងបទចម្រៀងមួយចំនួនរបស់ផលិតកម្មថោន។ តារាសម្តែងរូបនេះក៏បាននឹងកំពុងលេចធ្លោរខ្លាំងទាំងការងារសិល្បៈមួយចំនួនធំរួមទាំងការងារមនុស្សធម៌ក្នុងបុព្វហេតុសង្គមផងដែរ។ ការសម្តែង និងច្រៀងមួយចំនួននៅលើកញ្ចាក់ទូរទស្សន៍បានធ្វើឲ្យ នរៈ សិរីវិទ្យាទទួលបានការគាំទ្រពីទស្សនិកជន។ ថ្មីៗនេះមានការងារសង្គមជាច្រើនដែលតារាសម្តែងវ័យ២៣ឆ្នាំរូបនេះស្ម័គ្រចិត្តជួយដល់សង្គមដូចជាការចុះអប់រំផ្សព្វផ្សាយ កម្មវិធីអប់រំបញ្ហាសុខភាពនៅតាមគ្រឹះស្ថានសិក្សា តំបន់រោងចក្រដែលមានកម្មករកម្មការិនីកាត់ដេរ និងសហគមន៍នានាផងដែរ។ កាន់តែធ្វើឲ្យគេសម្លឹងមើលឃើញពីភាពជោគជ័យកាន់តែច្បាស់ក្នុងពេលដ៏ខ្លីខាងមុខក្រោយពីតារាវ័យក្មេងរូបនេះបានចុះកិច្ចសន្យាសម្តែង និងបង្ហាញម៉ូដសម្រាប់ផលិតកម្ម ថោន(Town) និងក្រុមបង្ហាញម៉ូដ Sun Super Models។
តារាសម្តែងក្នុងខ្សែភាពយន្តអប់រំរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជារឿង “ក្របីរាល” រូបនេះបញ្ជាក់ថា ការងារសិល្បៈរបស់លោកបាននឹងកំពុងបោះជំហានទៅមុខយ៉ាងល្អ ទាំងការសម្តែង បង្ហាញម៉ូដ និងការច្រៀង ហើយបើទោះបីជាមិនទាន់ដល់ចំនុចកំពូលក្តីក៏តារាប្រុសរូបនេះនៅមិនទាន់បោះបង់ក្តីសុបិន្តចោលនៅឡើយ។ មិនត្រឹមតែមិនបោះបង់ក្តីសុបិន្តទេ លោកកាន់តែព្យាយាមកាន់តែខ្លាំងដោយការពង្រឹងសមត្ថភាពឲ្យស្របទៅនឹងតម្រូវការទីផ្សារការងារសិល្បៈបច្ចុប្បន្ន ពិសេសលោកកំពុងតែសំងំហ្វឹកហាត់ជាមួយអាជីបថ្មីគឺការងារជាពិធីករដែលលោកនឹងឈោងចាប់ការងារថ្មីជាមួយនឹងស្ថានីយទូរទស្សន៍ថ្មីមួយផងដែរ។ លោកបញ្ជាក់ថា បើទោះបីជាមានការលំបាកខ្លះមែនក៏ការងារជាពិធីករហាក់មិនសូវចោទជាបញ្ហាធ្ងន់ធ្ងរសម្រាប់លោកឡើយ ព្រោះតែលោកទទួលបានការណែនាំច្រើនពីអ្នកផលិតកម្មវិធី និងរៀបច្បងជើងចាស់ហើយលោកក៏ធ្លាប់សាកល្បងក្នុងកម្មវិធីមួយចំនួនកន្លងមកដែរដូចជាកម្មវិធីអប់រំសុខភាពតាមបណ្តារោងចក្រសហគ្រាសនានាកន្លងទៅដែរ។ តារាសម្តែងរូបនេះមិនទាន់បញ្ជាក់នៅឡើយទេថា កម្មវិធីដែលលោកនឹងទៅកាន់ការងារជាពិធីករនៅពេលខាងមុខនេះគឺ ក្នុងកម្មវិធីប្រភេទណានៅឡើយ ប៉ុន្តែលោកថា ជាការងារដែលលោកស្រលាញ់ចូលចិត្តខ្លាំង។
អតីតយុវជនស្ម័គ្រចិត្តសម្រាប់អង្គការរ៉ាក់រូបនេះបញ្ជាក់ដែរថា បច្ចុប្បន្នលោកក៏មមាញឹកច្រើនជាមួយនឹងការសម្តែង ច្រៀង ពិធីករនិងថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនមួយចំនួនផងដែរ ហើយលោករំពឹងថា កិច្ចការងារជាច្រើនបន្តបន្ទាប់នឹងអាចធ្វើឲ្យលោកកាន់តែមានជំហររឹងមាំក្នុងអាជីពជាអ្នកសិល្បៈ។ ការរីកចម្រើននេះហើយដែលធ្វើឲ្យលោកសម្រេចរៀបចំកម្មវិធីជប់លៀងជួបជុំអ្នករួមអាជីព ដើម្បីជាការជួបជុំកម្សាន្តបង្កើនភាពស្និទ្ធស្នាលកាន់តែខ្លាំងផងដែរ ហើយលោកក៏នឹងគ្រោងរៀបចំកម្មវិធីខួបកំណើតនេះឲ្យកាន់តែធំប្រសិនបើការងារសិល្បៈរបស់លោកមានសន្ទុះកាន់តែល្អប្រសើរខ្លាំងជានេះ៕
ដោយ៖ វឌ្ឍនា