អតីតតារាបាល់ទាត់ប្រេស៊ីល Roberto Carlos បានអះអាងថា លោកបានបាត់បង់ទ្រព្យសម្បត្តិភាគច្រើន ក្នុងចំណោមទ្រព្យសម្បត្តិដ៏មហាសាលដែលមានតម្លៃ ១៣៣ លានផោនរបស់លោក។
វីរបុរសបាល់ទាត់ប្រេស៊ីលវ័យ ៥៣ ឆ្នាំរូបនេះបាននិយាយថា សមាជិកម្នាក់ក្នុងគ្រួសារ និងអតីតភ្នាក់ងាររបស់លោក បានធ្វើឱ្យលោកបាត់បង់ «៩៩ ភាគរយ» នៃទ្រព្យសម្បត្តិរបស់ខ្លួន។
Carlos បានអំពាវនាវឱ្យកីឡាករបាល់ទាត់វ័យក្មេងយកបទពិសោធន៍អកុសលរបស់លោកធ្វើជាមេរៀន បន្ទាប់ពីលោកបានជួបបញ្ហាផ្ទាល់ខ្លួនជាច្រើន។
យោងតាមសារព័ត៌មាន Globo លោកបានបើកចំហអំពីបញ្ហាទាំងនេះ ក្នុងពេលចូលរួមកម្មវិធី Portugal Football Summit។
អតីតកីឡាករឆ្នើមរបស់ Real Madrid រូបនេះបាននិយាយថា៖ «ខ្ញុំមានបញ្ហាជាមួយមនុស្សមួយចំនួន ដែលធ្វើឱ្យខ្ញុំគ្មានលុយសូម្បីតែមួយកាក់។ ដោយសារបញ្ហាជាមួយភ្នាក់ងារ និងបញ្ហាក្នុងគ្រួសារ ខ្ញុំបានបាត់បង់ ៩៩ ភាគរយនៃអ្វីៗគ្រប់យ៉ាងដែលខ្ញុំរកបានពីបាល់ទាត់។
«ខ្ញុំបានធ្វើកំហុស ហើយនេះជាមូលហេតុដែលខ្ញុំស្នើឱ្យកីឡាករវ័យក្មេងកុំធ្វើកំហុសដូចខ្ញុំ»។
អតីតខ្សែការពារស្លាបឆ្វេងដ៏ល្បីល្បាញរូបនេះ បានកសាងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណ ១៣៣ លានផោន ក្នុងអាជីពបាល់ទាត់របស់លោក ដែលរួមមានការឈ្នះពាន World Cup ឆ្នាំ២០០២ ជាមួយក្រុមជម្រើសជាតិប្រេស៊ីល។
Carlos ក៏ធ្លាប់ចុះកិច្ចសន្យាដែលត្រូវបានរាយការណ៍ថា មានប្រាក់ឈ្នួល ៨៥.០០០ ផោនក្នុងមួយសប្តាហ៍ ក្នុងអំឡុងពេលលេងឱ្យក្លិប Anzhi Makhachkala របស់រុស្ស៊ី នៅរដូវកាល ២០១១-២០១២។
លោកក៏ធ្លាប់ជិតផ្ទេរទៅកាន់ក្លិប Chelsea ក្នុងឆ្នាំ២០០៧ ក្នុងការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានបរាជ័យ មុនពេលលោកមានឱកាសចុះហត្ថលេខាលើកិច្ចសន្យា។
ទោះជាយ៉ាងណា Carlos បានបញ្ជាក់ថា ទ្រព្យសម្បត្តិដ៏មហាសាលរបស់លោកស្ទើរតែរលាយបាត់អស់ក្នុងរយៈពេលតែមួយយប់ ដោយសារបញ្ហាផ្ទាល់ខ្លួន។
លោកបានបន្តថា៖ «នៅថ្ងៃព្រហស្បតិ៍ ខ្ញុំបានចូលគេងនៅពាក់កណ្តាលអធ្រាត្រ។ លុះដល់ថ្ងៃសុក្រ ខ្ញុំទទួលបានឯកសារជាច្រើនដែលខ្ញុំមិនធ្លាប់ដឹងថាមានពីមុនមក។ នោះហើយជាពេលដែលខ្ញុំបាត់បង់អ្វីៗគ្រប់យ៉ាងដែលខ្ញុំបានកសាងមក»។
អាពាហ៍ពិពាហ៍រយៈពេល ១៥ ឆ្នាំរបស់ម្ចាស់ជើងឯក World Cup រូបនេះបានបញ្ចប់នៅឆ្នាំ២០២៥ ដែលនាំឱ្យមានជម្លោះទាក់ទងនឹងទ្រព្យសម្បត្តិដ៏ច្រើនរបស់លោក។
បន្ទាប់មក ក៏មានការលើកឡើងថា Carlos បានស្នាក់នៅក្នុងទីលានហ្វឹកហាត់របស់ Real Madrid ប៉ុន្តែលោកបានបដិសេធយ៉ាងដាច់អហង្ការ។
Carlos បានអះអាងថា លោកមានកូនចំនួន ១១ នាក់ជាមួយស្ត្រី ៧ នាក់ផ្សេងគ្នា ហើយបានរៀបការជាមួយភរិយាទី៣ របស់លោក គឺ Soheila Tahiri នៅដើមឆ្នាំ២០២៦។
ការបង្ហើបចុងក្រោយអំពីបញ្ហាហិរញ្ញវត្ថុរបស់លោកនេះ កើតឡើងត្រឹមតែ ៩ ខែប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ដោយសារបញ្ហាបេះដូង។
ទោះជាយ៉ាងណា Carlos បានធានាដល់អ្នកគាំទ្រថា លោកមិនបានគាំងបេះដូងនោះទេ ហើយកំពុងស្ថិតក្នុងដំណាក់កាលស្តារសុខភាពឡើងវិញ៕










