ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាឲ្យកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងក្រោមឱវាទ ត្រូវត្រៀមខ្លួននិងមធ្យោបាយគ្រប់គ្រាន់រួចជាស្រេច ដើម្បីអនុវត្តបទបញ្ជាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទឹកជំនន់ ដែលបច្ចុប្បន្ននេះ ស្ថានភាពទឹកនៅតាមដងស្ទឹងសែនក្នុងខេត្តកំពង់ធំ ស្ថិតក្នុងការប្រកាសអាសន្ន។ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន ពិសេសការខិតខំប្រឹងប្រែងលើគ្រប់វិស័យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិត ក្នុងភារកិច្ចការពារបូរណភាពទឹកដី ប្រកបដោយការអត់ធ្មត់ និងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ ដោយសន្តិវិធី តាមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ និងតាមច្បាប់អន្តរជាតិ ដែលព្រំដែនមិនអាចរំលោភបំពានបានដោយកម្លាំងបានឡើយ ហើយបច្ចុប្បន្ននេះ ប្រមុខថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា កំពុងបោះចំហានយ៉ាងស្វាហាប់នៅលើឆាកអន្តរជាតិ។ ជាមួយនេះដែរ ការដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិកំពុងមានការរីកចម្រើនបន្ថែមទៀត ។

 

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវត្រៀមខ្លួន និងមធ្យោបាយសម្ភារៈគ្រប់គ្រាន់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះទឹកជំនន់ឲ្យទាន់ពេលវេលា នឹងមានប្រសិទ្ធភាព ដោយបច្ចុប្បន្ននេះ ស្ថានភាពទឹកតាមដងស្ទឹងសែន និងបណ្ដាស្ទឹងមួយចំនួនទៀតក្នុងខេត្តកំពង់ធំ កំពុងមានការហក់ឡើងខ្ពស់ លើសកម្រិតដែលត្រូវប្រកាសអាសន្ន ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ក៏បានក្រើនរំលឹកផងដែរ ដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងកងកម្លាំងដែលមានការពាក់ព័ន្ធ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យ ពិសេសការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រស្រុក ប៉ែកខាងក្រោមជាប់មាត់បឹងទន្លេសាប និងការបង្ក្រាបការកាប់ទន្ទ្រានព្រៃឈើ និងការដឹកជញ្ជូនឈើខុសច្បាប់ ឲ្យបានជាដាច់ខាត ដើម្បីសង្គមជាតិយើង និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print