ខេត្តមណ្ឌលគីរី៖ បើតាមរបាយការណ៍សង្ខេបលទ្ធផលការងារ៩ខែ ឆ្នាំ២០២៦ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ មន្រ្តីជំនាញ បានបន្តពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការពារតំបន់ការពារធម្មជាតិ ដោយបានបញ្ជូនសំណុំរឿងចំនួន ១៧៤ករណី ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងរយៈពេលនេះ មន្ត្រីឧទ្យានុរក្សប្រចាំតំបន់ការពារធម្មជាតិទាំង៥ បានចុះល្បាតសរុបចំនួន ២,៧០១លើក និងបានចាត់វិធានការចំពោះបទល្មើសធនធានធម្មជាតិ ដោយកសាងសំណុំរឿងចំនួន ១៧៤ករណី បញ្ជូនទៅតុលាការ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស មន្ត្រីជំនាញបានដកហូតវត្ថុតាងជាច្រើន រួមមាន អេស្កាវ៉ាទ័រ ៣គ្រឿង គោយន្តកែច្នៃ ១២គ្រឿង រ៉ឺម៉ក ២គ្រឿង អាវុធស្វ័យប្រវត្តិ ៨ដើម គ្រាប់បែក ៥០គ្រាប់ ទូរស័ព្ទ ៣គ្រឿង តាបឈូស ៣គ្រឿង រថយន្ត ៨គ្រឿង ម៉ូតូ ១១៩គ្រឿង រណារយន្ត ៨៩គ្រឿង ឧបករណ៍ឆក់ ២៦គ្រឿង ត្រាក់ទ័រ ១គ្រឿង ម៉ាស៊ីនម៉ាស៊ូត ២០គ្រឿង និងម៉ាស៊ីនបូមទឹក ១៤គ្រឿង។
ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានដកហូតអន្ទាក់ចំនួន ២,៦៣៥ខ្សែ ឧបករណ៍សម្រាប់សកម្មភាពរុករករ៉ែមាសមួយចំនួនធំ និងឈើប្រណិតប្រភេទលេខ១ ដូចជា សុក្រម ស្រឡៅ និងឈ្លីក ចំនួន ២,៨៤៨សន្លឹក/កំណាត់ ស្មើនឹង ៨១,៨៨៧ម៉ែត្រគូប។ របាយការណ៍ដដែលបញ្ជាក់ថា មន្ត្រីជំនាញបានរុះរើរោងខុសច្បាប់ចំនួន ២០រោង និងលុបអណ្តូងរ៉ែមាសចំនួន ៣អណ្តូង។ ចំណែកសត្វព្រៃដែលបានសង្គ្រោះចំនួន ៤៩ក្បាល រួមមាន ជ្រូកព្រៃ ត្រកួត និងពស់ថ្លាន់ ត្រូវបានដោះលែងឱ្យចូលទៅក្នុងព្រៃធម្មជាតិវិញ។
លោក ហាស វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការបញ្ជូនសំណុំរឿងទៅតុលាការ គឺជាផ្នែកមួយនៃការពង្រឹងវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការពារតំបន់ការពារធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរី ដែលមានធនធានព្រៃឈើ ជីវៈចម្រុះ និងធនធានធម្មជាតិសំខាន់ៗ។
លោក ហាស វិបុល បានបន្តថា មន្ទីរបរិស្ថានខេត្តបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យ ស្រាវជ្រាវ និងចាត់វិធានការចំពោះសកម្មភាពដែលសង្ស័យថាបានរំលោភបំពានលើធនធានធម្មជាតិ។ សំណុំរឿងដែលបានបញ្ជូនទៅតុលាការ នឹងត្រូវបន្តតាមនីតិវិធីច្បាប់ ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យ និងសម្រេចតាមច្បាប់ជាធរមាន។
ក្រៅពីការអនុវត្តច្បាប់ មន្ទីរបរិស្ថានខេត្តក៏បានអនុវត្តការងារស្តារ និងដាំព្រៃឈើឡើងវិញនៅតំបន់រងការរិចរិល ដោយមានកិច្ចសហការពីអង្គការដៃគូ និងសហគមន៍មូលដ្ឋាន។ ផែនការនេះរួមមានការដាំស្តារព្រៃឈើនៅតំបន់ការពារធម្មជាតិ វត្តអារាម សាលារៀន ទីតាំងរដ្ឋបាល និងតាមបណ្តោយផ្លូវសាធារណៈ។
បន្ថែមពីនេះ លោក ហាស វិបុល បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បន្តចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ដើម្បីរក្សាទុកធនធានធម្មជាតិជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ៕
ដោយ៖តារា










