មន្ត្រីនគរបាលជិះម៉ូតូបុករថយន្ត Toyota Prius ពេលបត់ត្រឡប់ក្រោយ បណ្ដាលឱ្យបាក់ជើងរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់បានរងរបួសធ្ងន់ និងបាក់ជើងម្ខាង បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុករថយន្តម៉ាក Toyota Prius ដែលកំពុងបត់ត្រឡប់ក្រោយ។ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចទល់មុខផ្សារទំនើប AEON 1 តាមបណ្ដោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-4497 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវសុធារស ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបួងចង្កូតបត់ឆ្វេងត្រឡប់ក្រោយ។

ខណៈនោះ ស្រាប់តែមានម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KT-3209 ជិះដោយមន្ត្រីនគរបាលម្នាក់ ដែលធ្វើដំណើរក្នុងទិសដៅដូចគ្នា បានជ្រុលទៅបុកចំផ្នែកខាងមុខ-ចំហៀងខាងឆ្វេងរបស់រថយន្តយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូដួលបាក់ជើងម្ខាង និងរងរបួសធ្ងន់​ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។

...

ក្រោយមកទៀត សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ បានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួចយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print