ខេត្តប៉ៃលិន÷ មន្ត្រីមានសមត្ថកិច្ចខេត្តប៉ៃលិនបានឲ្យដឹងនៅរសៀលថ្ងៃទី 29 ខែកញ្ញានេះថា កាលពីយប់ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2026 បុរសម្នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព បន្ទាប់ពីជិះម៉ូតូឆ្លងកាត់កំណាត់ផ្លូវដែលកំពុងរងការជន់លិច និងមានទឹកហូរខ្លាំង នៅចំណុចផ្លូវកៅស៊ូក្បែរស្ពានភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
តាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តប៉ៃលិន ខណៈក្រុម ការងារកំពុងចុះពិនិត្យស្ថានភាពទឹកជំនន់ និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅពេលយប់ ក្រុមការងារបានប្រទះ ឃើញបុរសម្នាក់កំពុងជួបគ្រោះថ្នាក់ ដោយទឹកហូរខ្លាំងបាននាំទាំងរូបគាត់ និងម៉ូតូធ្លាក់ចូលជ្រោះជ្រៅ។សំណាងល្អ ក្រុមការងារបានឃើញទាន់ និងជួយ សង្គ្រោះគាត់បានដោយសុវត្ថិភាព។
អាជ្ញាធរបញ្ជាក់ថា កំណាត់ផ្លូវកើតហេតុត្រូវបានដាក់បម្រាមមិនអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ ដោយសារទឹកកំពុងហូរកាត់ផ្លូវខ្លាំង។ បុរសរូបនេះបានសុំចូលទៅមើលទឹក ប៉ុន្តែក្រោយមកបានជិះម៉ូតូឆ្លងកាត់តំបន់ហាមឃាត់ ទើបបណ្ដាលឱ្យជួបគ្រោះថ្នាក់។
អាជ្ញាធរខេត្តប៉ៃលិនបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យគោរពបម្រាម និងការណែនាំរបស់សមត្ថកិច្ចនៅតំបន់ទឹកជំនន់ ដើម្បីការពារអាយុជីវិត និងជៀសវាងគ្រោះ ថ្នាក់បន្ថែម ខណៈស្ថានភាពទឹកជំនន់នៅតែត្រូវការការប្រុងប្រយ័ត្នខ្ពស់៕
ដោយ៖ សុរិយា










