ភ្នំពេញ÷ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង២០នាទីយប់រំលងអាធ្រាត ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចផ្ទះលេខ ៣៣ ផ្លូវ៣១០ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រថយន្តដែលនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២ គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន។
ដោយឡែកចំពោះ ប្រភេទសំណង់ ថ្មបេតុង ទំហំ (១២ម៉ែត្រ x ២០ម៉ែត្រ) ឆេះខូតខាចម៉ាស៉ីនត្រជាក់ ១គ្រឿង, តុ១, កៅអី២ នឹងឯកសារមួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានគ្រប់គ្រងទាំងស្រុងនៅម៉ោង ២និង២០នាទីយប់រំលងអាធ្រាតនាថ្ងៃខែឆ្នាំដដែល។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ។ ដោយឡែក ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ៕
ដោយ៖ សុរិយា










