បុរសជនជាតិចិនម្នាក់ឈ្មោះ Sun Aixiang ដែលបានចំណាយពេលជិតពីរទសវត្សរ៍ក្នុងការលក់កាវ និងស្កុតបិទ បានក្លាយជាមហាសេដ្ឋី បន្ទាប់ពីក្រុមហ៊ុនរបស់លោកដែលផលិតសម្ភារៈបញ្ចុះកម្ដៅសម្រាប់បន្ទះឈីប បានចាប់ផ្តើមជួញដូរភាគហ៊ុនជាលើកដំបូង។
យោងតាមទស្សនាវដ្តី Forbes លោក Sun អាយុ ៥៨ ឆ្នាំ ដែលជាប្រធានក្រុមហ៊ុន Shenzhen HFC មានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ១,៧ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុនបានចុះបញ្ជីភាគហ៊ុននៅផ្សារហ៊ុន Shenzhen។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងរហូតដល់ ៧១៩% នៅថ្ងៃដំបូងនៃការជួញដូរ។ ចំណែកលោក Zhao ដែលជាបងថ្លៃរបស់លោក Sun អាយុ ៦៣ ឆ្នាំ និងជាសហស្ថាបនិក ព្រមទាំងជានាយកក្រុមហ៊ុន ក៏មានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ១,៣ ពាន់លានដុល្លារផងដែរ ដោយផ្អែកលើភាគហ៊ុនដែលលោកកាន់កាប់។
ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យ លោក Sun បានចំណាយពេលជិត ២០ ឆ្នាំលក់ផលិតផលប្លាស្ទិក និងសម្ភារៈស្អិតជាប់ផ្សេងៗ រួមមានកាវ និងស្កុតបិទ។ នៅឆ្នាំ ២០០៣ លោកបានបង្កើតក្រុមហ៊ុន Shenzhen HFC រួមជាមួយលោក Zhao។
ក្រុមហ៊ុន Shenzhen HFC បានប្រមូលទុនចំនួន ១,៤ ពាន់លានយ័ន (២១៤,៤ លានដុល្លារអាមេរិក) តាមរយៈការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO)។ ដោយមានការគាំទ្រពីវិនិយោគិន រួមទាំង Hubble Investment ដែលជាក្រុមហ៊ុនវិនិយោគទុនបណ្តាក់ទុនរបស់ក្រុមហ៊ុន Huawei ក្រុមហ៊ុនគ្រោងនឹងប្រើប្រាស់ប្រាក់ភាគច្រើនដែលប្រមូលបាន ដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនៅក្នុងប្រទេសចិន។
ក្រុមហ៊ុននេះមានជំនាញក្នុងការផលិតសម្ភារៈគ្រប់គ្រងកម្ដៅ រួមមានបន្ទះបញ្ជូនកម្ដៅ និងជែលដែលមានសមត្ថភាពបញ្ជូនកម្ដៅ។ សម្ភារៈទាំងនេះត្រូវបានប្រើប្រាស់ជាមួយបន្ទះឈីប AI ម៉ូឌុលអុបទិក និងឧបករណ៍នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ដើម្បីជួយបញ្ជូន និងបញ្ចេញកម្ដៅ។
ក្រុមហ៊ុនក៏ផលិតសម្ភារៈការពារការជ្រៀតជ្រែកអេឡិចត្រូម៉ាញេទិក និងសម្ភារៈស្រូបរលក ដែលជួយការពារឧបករណ៍អេឡិចត្រូនិកពីការជ្រៀតជ្រែកដែលអាចរំខានដល់ដំណើរការរបស់វាផងដែរ។
ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុននេះ ឆ្លុះបញ្ចាំងពីនិន្នាការមួយនៅក្នុងប្រទេសចិន ដែលវិនិយោគិនបានស្វែងរកទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលទើបចុះបញ្ជីថ្មីៗ និងត្រូវបានចាត់ទុកថាមានសារៈសំខាន់ចំពោះការជំរុញរបស់ប្រទេសក្នុងការពឹងផ្អែកលើបច្ចេកវិទ្យាផលិតក្នុងស្រុក។ វិនិយោគិនរំពឹងថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនេះនឹងកើនឡើងខ្លាំងនៅថ្ងៃដំបូងនៃការជួញដូរ។
នៅពេលដែលក្រុមហ៊ុននានានៅទូទាំងពិភពលោកបានបង្កើនការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ចំណូលរបស់ Shenzhen HFC បានកើនឡើង ១១៤% ដល់ ៧០៦,៧ លានយ័នក្នុងឆ្នាំ ២០២៥ នេះបើយោងតាមឯកសារផ្សព្វផ្សាយរបស់ក្រុមហ៊ុន។ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានកើនឡើងជិត ៤ ដង បើធៀបនឹងឆ្នាំ ២០២៤ ដោយឈានដល់ ២៦៩ លានយ័ន។
ក្រុមហ៊ុនរកចំណូលប្រមាណពីរភាគបីពីទីផ្សារក្រៅប្រទេស ហើយក្នុងចំណោមអតិថិជនធំៗរបស់ខ្លួន មានក្រុមហ៊ុន Hon Hai Precision Industry ដែលគេស្គាល់ជាទូទៅថា Foxconn។
ទោះជាយ៉ាងណា Shenzhen HFC បានព្រមានថា ខ្លួនអាចនឹងមិនអាចរក្សាល្បឿនកំណើននេះបានទេ។ ឯកសារផ្សព្វផ្សាយរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងកិច្ចខិតខំប្រឹងប្រែងរបស់អតិថិជនក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ អាចធ្វើឱ្យការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនមានភាពយឺតយ៉ាវ៕










