ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ជាជំហានថ្មីដ៏សំខាន់ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធ និងទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ និងស្ពាន។
ក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជាជំហានថ្មីដ៏សំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង អភិវឌ្ឍ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
លោករដ្ឋមន្ត្រីបន្តថា តាមរយៈការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែសម្រួលវិធានការពិន័យឱ្យកាន់តែតឹងរ៉ឹង ច្បាប់នេះនឹងជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ និងស្ពាន ព្រមទាំងចូលរួមកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូន និងឡូជីស្ទិករបស់វិស័យឯកជន។ ជាមួយគ្នានេះ ការអនុវត្តច្បាប់ក៏មានតួនាទីសំខាន់ក្នុងការការពារទ្រព្យសម្បត្តិជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅលើដងផ្លូវ។
លោក ប៉េង ពោធិ៍នា ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់មិនមែនមានត្រឹមតែការត្រួតពិនិត្យ និងចាត់វិធានការប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយការផ្សព្វផ្សាយ ការណែនាំ និងការបង្កើនការយល់ដឹងដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូន។ លោកបានអំពាវនាវដល់មន្ត្រីអនុវត្តច្បាប់គ្រប់ជាន់ថ្នាក់ ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សុចរិតភាព តម្លាភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវ ព្រមទាំងអនុវត្តច្បាប់ដោយស្មើភាព និងមិនលម្អៀង។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានជំរុញដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្ត អ្នកបើកបរ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន។ អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ក៏ត្រូវបន្តពង្រឹងកិច្ចសហការ និងសម្របសម្រួលគ្នាឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ការចូលរួមរបស់គ្រប់ភាគី នឹងជួយថែរក្សាគុណភាព និងអាយុកាលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងចីរភាព៕
ដោយ៖តារា










