សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម្ដេចបានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាពជាបន្តបន្ទាប់ អំពីវឌ្ឍនភាពនៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចបានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាពជាបន្តបន្ទាប់ អំពីវឌ្ឍនភាពនៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ពីលោក ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

 

សម្ដេចធិបតី បានគូសបញ្ជាក់ថា យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក និងតំណាងភាគីបងប្អូនកម្មករនិយោជិត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សម្ដេចបានសម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានឯកភាពរក្សា “ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ” ចំនួន ២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ទៅអនុវត្តបន្តនៅឆ្នាំ២០២៧នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផងដែរ។ អត្ថប្រយោជន៍ផ្សេងៗទៀត ក៏ត្រូវបានរក្សាជូនបងប្អូនផងដែរ។

 

ដូច្នេះ សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ប្រាក់ឈ្នួលគោល ដែលជាផលបូកនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។

 

បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមអរគុណដល់សមាជិក នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលបានខិតខំប្រជុំពិភាក្សាគ្នាប្រកបដោយវិជ្ជាជីវៈ ក្នុងស្មារតីរួម គឺគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតផង ភាពប្រកួតប្រជែងរបស់ជាតិផង និងលទ្ធភាពនៃការបង្កើតការងារថ្មីជូនយុវជន និងសមាជិកគ្រួសារនៃបងប្អូនកម្មករនិយោជិតយើងផង។ រាជរដ្ឋាភិបាលនឹងខិតខំដាក់ចេញវិធានការផ្សេងទៀត ដើម្បីរក្សាលំនឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយក៏នឹងខិតខំកែសម្រួលបរិយាកាសវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍផលិតផលក្នុងស្រុក ដើម្បីបង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគបន្ថែម។

...

 

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិកំពុងខិតចូលមកដល់ក្នុងពេលខាងមុខនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា សូមយកឱកាសនេះជូនពរ បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print