ខេត្តតាកែវ៖ កម្មករ-កម្មការិនីសរុបចំនួន ៩៣នាក់ ក្នុងនោះស្ត្រី ៦០នាក់ បានប្រមូលផ្តុំធ្វើកូដកម្មនៅរោងចក្រ ហោ ថៃ ដេរកាបូប ស្ថិតនៅភូមិព្រហែក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារបញ្ហាប្រាក់ខែ និងប្រាក់ថែមម៉ោង។
កម្មករ-កម្មការិនីបានអះអាងថា ថៅកែរោងចក្រជាជនជាតិចិន មិនបានបើកប្រាក់ខែ និងប្រាក់ថែមម៉ោងជូនពួកគេ ហើយត្រូវបានរាយការណ៍ថាបានចាកចេញពីទីតាំង ដោយមិនទាន់ដោះស្រាយបញ្ហាជូនកម្មករ។
យោងតាមអាជ្ញាធរ បានឱ្យដឹងថា នៅពេលនេះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ បានចុះទៅដល់ទីតាំងរោងចក្រ ដើម្បីពិនិត្យ និងសម្រប សម្រួលដោះស្រាយបញ្ហាជូនកម្មករ-កម្មការិនី។
ជាមួយគ្នានេះ មន្ទីរការងារក៏បានណែនាំឱ្យតំណាងរោងចក្រ ទាក់ទងទៅម្ចាស់រោងចក្រ ឬថៅកែ ឱ្យចូលខ្លួនមកដោះស្រាយដោយផ្ទាល់ ពាក់ព័ន្ធនឹងការទាមទាររបស់កម្មករ ជាពិសេសបញ្ហាប្រាក់ខែ និងប្រាក់ថែមម៉ោងដែលនៅមិនទាន់ទទួលបាន។
អាជ្ញាធរ និងមន្ទីរជំនាញកំពុងបន្តសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងធានាឱ្យបញ្ហារបស់កម្មករ-កម្មការិនី ត្រូវបានដោះស្រាយស្របតាមនីតិវិធី។ ព័ត៌មាននេះជាព័ត៌មានបឋម ហើយនឹងមានព័ត៌មានបន្ថែម ប្រសិនបើមានការបញ្ជាក់ពីមន្ទីរការងារ អាជ្ញាធរ ឬភាគីពាក់ព័ន្ធ៕
ដោយ៖ សុរិយា










