ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានស្រុកបាធាយ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រគល់ជូនជនមានពិការភាព ចំនួន១៣១គ្រួសារ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការគិតគូរ និងយកចិត្តទុកដាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសជនមានពិការភាព គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាព និងជីវភាពរបស់ប្រជា ពលរដ្ឋគ្រប់រូប ដោយមិនទុកនរណាម្នាក់ចោល ។ ចិត្ត សប្បុរស និងក្តីមេត្តាធម៌ គឺជាមូលដ្ឋានសំខាន់នៃសង្គម មនុស្សធម៌ ដែលជំរុញឱ្យមានការជួយគ្នា ចែករំលែក និងលើកទឹកចិត្តគ្នា ជាពិសេសចំពោះជនមានពិការភាព គ្រួសារខ្វះខាត និងក្រុមដែលងាយរងគ្រោះ។
លោកបានបញ្ជាក់ថា ការអភិវឌ្ឍមិនអាចវាស់តែតាមកំណើនសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ត្រូវផ្តោតលើសុខុមាលភាព និងការរីកចម្រើនរបស់ប្រជាពលរដ្ឋគ្រប់រូបផងដែរ។ ក្នុងន័យនេះ ការចូលរួមរបស់គ្រប់ភាគី ជាពិសេសវិស័យឯកជន តាមរយៈសកម្មភាពទំនួលខុសត្រូវសង្គម គឺជាកម្លាំងបំពេញបន្ថែមដ៏សំខាន់ក្នុងការគាំទ្រសហគមន៍ និងប្រជាពលរដ្ឋដែលមានតម្រូវការ។
លោកបានលើកទឹកចិត្តឱ្យបន្តលើកកម្ពស់ស្មារតី ចេះជួយ គ្នា ចេះចែករំលែក និងមិនទុកនរណាម្នាក់ឱ្យនៅឯកា ព្រោះការយកចិត្តទុកដាក់ ទោះតិចឬច្រើន ក៏អាចក្លាយជាកម្លាំង ចិត្ត និងក្តីសង្ឃឹមដ៏មានតម្លៃសម្រាប់អ្នកទទួល។ ជាពិសេស ការយកចិត្តទុកដាក់ចំពោះជនមានពិការភាព គឺជាការបង្ហាញពីសង្គមដែលមានមនុស្សធម៌ សមធម៌ និងបរិយាបន្ន។ ការរួមគ្នាពីរាជរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍ នឹងរួម ចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែមានសុខដុមរមនានិងវិបុលភាព។
តាងនាមឱ្យប្រជាពលរដ្ឋ ស្រុកបាធាយលោក ទេសរដ្ឋមន្រ្តី លី ធុជ បាន ថ្លែង អំណរគុណ ដល់ សប្បុរសជន ទាំង អស់ ដែល បាន ចូលរួម ចំណែក ឧបត្ថម្ភ គាំទ្រ ដល់ ជនមានពិការភាពចំនួន ១៣១គ្រួសារនៅទីនេះ ផងដែរ ៕ ដោយ សំរិត










