ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង បួងចង្កូតគេចពីម៉ូតូមួយគ្រឿង បណ្តាលឱ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ខូចចំនួន ២កង់ ខណៈរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D-1267 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបរបួងចង្កូតគេចពីម៉ូតូមួយគ្រឿង បណ្តាលឱ្យរថយន្តជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ខូចចំនួន ២កង់ និងធ្វើឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










