ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោកស្រី LI Qiaozhi អនុប្រធាននាយកដ្ឋានកិច្ចការបរទេសនៃ រដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន សហប្រធានចិន និង លោក Vijay Shankar PRASAD លេខាទី២ នៃស្ថានទូត ឥណ្ឌា សហប្រធានឥណ្ឌា។
ក្នុងកិច្ចប្រជុំ លោកអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានរាយការណ៍ជូនអង្គប្រជុំអំពីរបាយការណ៍លទ្ធផលនៃបេសកកម្មផ្តល់យោបល់របស់អ្នកជំនាញការអន្តរជាតិនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនិងអ្នកជំនាញស្តីពីបេតិកភណ្ឌនិងប្រាសាទរបស់អង្គការយូណេស្កូ ដែលបានចុះពិនិត្យវាយតម្លៃការខូចខាតប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ ២០២៦ បណ្តាលពីជម្លោះប្រដាប់អាវុធកាលពីថ្ងៃទី២៤-២៨ ខែកក្កដា និងថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅដែលបង្កការខូចខាតប្រាសាទព្រះវិហារចំនួន៥៦២កន្លែង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅបរិវេណលើភ្នំ ប្រាសាទព្រះវិហារ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ប្រជាជនរស់នៅជុំវិញតំបន់បេតិកភណ្ឌ។
តាមសេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថាកិច្ចប្រជុំបានផ្តោតលើលទ្ធផលនៃការអន្តរាគមន៍សង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារស្របតាមអនុសាសន៍របាយការណ៍វាយតម្លៃរបស់យូណេស្កូនិងលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី១១ នៃអាយស៊ីស៊ី-ព្រះវិហារ កាលពីខែមីនា ឆ្នាំ២០២៦កន្លងទៅ អនុវត្តដោយអាជ្ញាធរជាតិព្រះវិហារសហការជាមួយដៃគូអន្តរជាតិ ក្រោមការគាំទ្រមូលនិធិរបស់អង្គការយូណេស្កូ មូលនិធិ ALIPH ក្រសួងវប្បធម៌បារាំងនិងរាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ប្រមាណ៧០ហិកតា ដោយរកឃើញរណ្តៅគ្រាប់៦២៥ កន្លែង គ្រាប់នៅលើដីចំនួន៧៣០គ្រាប់ គ្រាប់កប់ក្នុងដីចំនួន ២៤៧គ្រាប់ និងដ្រូនចំនួន៤។ អាជ្ញាធរជាតិព្រះវិហារបានប្រមូលបំណែកថ្មប្រាសាទដែលបានបាក់បែកចំនួ ៨៤,៨០០ដុំ ចុះបញ្ជីនិងរក្សាទុក ទល់ទ្ររចនាសម្ព័ន្ធប្រាសាទមានហានិភ័យខ្ពស់ចំនួន២៣ទីតាំង ការដំឡើងឧបករណ៍តាមដានបម្រែបម្រួលប្រាសាទចំនួន៥០កន្លែង សាងសង់ដំបូលគ្របប្រាសាទចំនួន៤កន្លែង និងស្តារប្រព័ន្ធបង្ហូរទឹកបុរាណប្រវែងជិត២៥០ម៉ែត្រ។
ក្រៅពីលទ្ធផលខាងលើ អង្គប្រជុំក៏បានពិនិត្យឃើញមានកិច្ចការបន្ទាន់ត្រូវអនុវត្តបន្តទៀតដើម្បីសង្គ្រោះ ប្រាសាទព្រះវិហារ រួមមាន៖ រចនាសម្ព័ន្ធប្រាសាទចំនួន២៥កន្លែងទៀតត្រូវទល់ទ្របន្ទាន់ ការសាងសង់រោងដើម្បីរក្សាទុកបំណែកថ្មជៀសវាងការខូចខាតនិងបាត់បង់ ការរៀបចំប្រព័ន្ធផ្លូវទឹកបន្ថែមទៀតដើម្បីបញ្ចៀសផលប៉ះពាល់ប្រាសាទ។
ជាមួយគ្នានេះ អង្គប្រជុំនៅបានបន្តក្តីព្រួយបារម្ភចំពោះស្ថានភាពខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរដែល បណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២៥ ដោយស្ថានការណ៍នេះបានរំលឹកផងដែរអំពីសារៈសំខាន់នៃការធានាសុវត្ថិភាពនិងសន្តិសុខទាំងសម្រាប់ក្រុមការងារកម្ពុជានិងក្រុមការងារអន្តរជាតិដែលកំពុងបំពេញការងារនៅតំបន់ប្រាសាទដើម្បីអាចបំពេញភារកិច្ចការពារតំបន់បេតិកភណ្ឌនេះជាការថែរក្សាតម្លៃលេចធ្លោជាសកលរបស់ប្រាសាទព្រះវិហារ៕
ដោយ ៖ សិលា















