ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ បញ្ឈប់នូវការបង្ហោះ ឬផ្សព្វផ្សាយអត្ថបទ និងវីដេអូនានា ដែលនាំឱ្យប៉ះពាល់ និងបំបាក់ទឹកចិត្តកងទ័ព។
ថ្លែងក្នុងឱកាសអញ្ជើញ សម្ភោធផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦សម្ដេចធិបតីបានសង្កត់ធ្ងន់ថា កងទ័ពគឺជាកម្លាំងស្នូលរបស់ជាតិ ឈរជើងដើម្បីការពារបូរណភាពទឹកដី ដូច្នេះទោះបីជាមិនស្រឡាញ់រាជរដ្ឋាភិបាល ឬមិនគាំទ្រគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏មិនត្រូវវាយប្រហារលើទឹកចិត្តរបស់កងទ័ពដែលកំពុងបំពេញបេសកកម្មដើម្បីជាតិនោះឡើយ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយវីដេអូនាពេលកន្លងមក ដែលអះអាងថាកងទ័ពនៅហូបបាយជាមួយអំបិល។ ចំពោះបញ្ហានេះ សម្ដេចធិបតីបានបញ្ជាក់ថា ប្រសិនបើមានករណីខ្វះខាតបែបនេះកើតឡើងពិតប្រាកដមែន អាចផ្ដល់ដំណឹងផ្ទាល់មកកាន់សម្ដេច ដើម្បីចាត់វិធានការដោះស្រាយជាបន្ទាន់ ប៉ុន្តែតាមការពិតជាក់ស្ដែង រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជីវភាពកងទ័ព។ ជាមួយគ្នានេះ សម្ដេចបានស្នើដល់ប្រជាពលរដ្ឋដែលមានក្តីបារម្ភពិតប្រាកដ សូមក្ដាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ មុននឹងចែករំលែកបន្ត។
ទន្ទឹមនឹងនេះ សម្ដេចធិបតីបានក្រើនរំឭកថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំផ្លើសពីកងទ័ព មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសឱ្យប្រទេសឈ្លានពានមើលឃើញ និងទាញយកទៅកេងចំណេញ ដើម្បីបំបាក់ស្មារតីកងទ័ពកម្ពុជាកាន់តែខ្លាំង។
សម្ដេចធិបតី សង្កត់ធ្ងន់ថា កាលៈទេសៈបច្ចុប្បន្ន គឺជាពេលវេលាដែលជាតិកំពុងទាមទារឱ្យកងទ័ព និងកងកម្លាំងនគរបាលឈរជើងការពារទឹកដីយ៉ាងរឹងមាំ ដូច្នេះការធ្វើសកម្មភាពណាមួយមិនត្រូវឱ្យប៉ះពាល់ដល់អារម្មណ៍កងទ័ព និងពលរដ្ឋ ជាពិសេសតាមរយៈព័ត៌មានក្លែងក្លាយឡើយ។
ទន្ទឹមនឹងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានចុះទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងទ័ព រួមទាំងជនភៀសសឹកដោយផ្ទាល់។ សម្ដេចធិបតីបានបន្ថែមថា កន្លងមករាជរដ្ឋាភិបាលតែងតែផ្ដល់ការគាំទ្រ និងជួយដល់ក្រុមគ្រួសារកងទ័ពជានិច្ច ហើយចំពោះកងទ័ពដែលរងគ្រោះដោយសារសង្គ្រាម រដ្ឋនៅតែបន្តជួយឧបត្ថម្ភ និងគាំពារជានិច្ច៕
ដោយ ៖ សិលា










