ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការ បង្ក្រាប និងឃាត់ខ្លួនជនបរទេសចំនួន ៣៤នាក់ ពាក់ព័ន្ធបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ១ទីតាំង នៅចំណុចផ្ទះវីឡា ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពដដែលបន្តថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង១៣នាទី បានចាត់លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរង ផែនការងារសន្តិសុខ ដឹកនាំកម្លាំង ចុះត្រួតពិនិត្យ និងឆែកឆេរនៅចំណុចផ្ទះវីឡា ១កន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាក់ស្ដែងបានរកឃេីញមនុស្សសរុបចំនួន ៣៤នាក់ ស្រី ១នាក់ មាន ៤សញ្ជាតិ ចិន ២៦នាក់, ម៉ាឡេស៊ី ១នាក់ ,កូរ៉េ ៥នាក់ ស្រី ១នាក់ និងខ្មែរ ២នាក់) រួមទាំងដកហូតបានសម្ភារសង្ស័យមួយចំនួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីនីតិវិធីបន្ត ៕
ដោយ៖តារា










