កីឡាករបាល់ទាត់មានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក Faiq Bolkiah គ្មានក្លិបលេងនៅវ័យ ២៨ ឆ្នាំ

ចែករំលែក៖

កីឡាករ Faiq Bolkiah ដែលជាក្មួយប្រុសរបស់ព្រះមហាក្សត្រប្រ៊ុយណេ បច្ចុប្បន្នមិនទាន់មានក្លិបលេងនៅឡើយ បន្ទាប់ពីបានចែកផ្លូវជាមួយក្លិប Ratchaburi FC ក្នុងលីគកំពូលថៃ។ ក្នុងរយៈពេល ៣ ឆ្នាំជាមួយក្លិបនេះ លោកបានបង្ហាញខ្លួនត្រឹមតែ ១៨ ប្រកួតប៉ុណ្ណោះ។

 

Ratchaburi បានប្រកាសជាផ្លូវការអំពីការចាកចេញរបស់ខ្សែប្រយុទ្ធស្លាបវ័យ ២៨ ឆ្នាំរូបនេះកាលពីខែកក្កដា។ Bolkiah បានល្បីល្បាញទូទាំងពិភពលោក មិនមែនដោយសារសមត្ថភាពលេងនៅលើទីលាននោះទេ ប៉ុន្តែដោយសារតែប្រវត្តិគ្រួសារដែលមានទ្រព្យសម្បត្តិមហាសាលរបស់លោក។

 

យោងតាមសារព័ត៌មាន Daily Mail ក្នុងនាមជាក្មួយប្រុសរបស់ព្រះមហាក្សត្រ Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ លោកត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្តិលើសពី ២០ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យលោកក្លាយជាកីឡាករបាល់ទាត់មានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោក។ ទោះជាយ៉ាងណា លោកមិនមែនជាអ្នកស្នងរាជ្យដោយផ្ទាល់នោះទេ។

 

អាជីពបាល់ទាត់របស់ Bolkiah បានចាប់ផ្តើមនៅសហរដ្ឋអាមេរិក ជាកន្លែងដែលលោកកើត មុនពេលគ្រួសារបានបញ្ជូនលោកទៅប្រទេសអង់គ្លេស ដើម្បីសិក្សានៅសាលា Bradfield College ក្នុងតំបន់ Berkshire។ លោកបានចូលក្នុងប្រព័ន្ធបាល់ទាត់យុវជនរបស់អង់គ្លេសដោយជោគជ័យ ដោយធ្លាប់ហ្វឹកហាត់នៅថ្នាលយុវជនរបស់ក្លិប Southampton, Chelsea និង Leicester City។

 

ទោះបីជាមានសក្តានុពលគួរឱ្យចាប់អារម្មណ៍ក៏ដោយ Bolkiah មិនដែលទទួលបានឱកាសបង្ហាញខ្លួនក្នុងក្រុមឈុតធំរបស់ក្លិបណាមួយនៅអង់គ្លេសឡើយ។ នៅឆ្នាំ ២០២០ លោកបានផ្លាស់ទៅប្រទេសព័រទុយហ្គាល់ ដើម្បីចូលរួមជាមួយក្លិប CS Marítimo ប៉ុន្តែបានលេងត្រឹមតែ ៨ ប្រកួតប៉ុណ្ណោះឱ្យក្រុមយុវជន និងក្រុម B របស់ក្លិប មុនពេលចាកចេញមិនដល់មួយឆ្នាំផង។

 

ដោយចង់បានឱកាសបង្ហាញខ្លួនជាប្រចាំ Bolkiah បានធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២១ និងចូលរួមជាមួយក្លិប Chonburi FC ដើម្បីក្លាយជាកីឡាករប្រ៊ុយណេដំបូងគេដែលប្រកួតក្នុងលីគកំពូលថៃ (Thai League 1)។

 

ក្រោយចំណាយពេលប្រហែល ២ ឆ្នាំ លោកបានផ្ទេរទៅក្លិប Ratchaburi នៅខែមិថុនា ឆ្នាំ ២០២៣។ ក្នុងរយៈពេលជិត ៥ ឆ្នាំនៅលីគកំពូលថៃ Bolkiah បង្ហាញខ្លួនបានត្រឹមប្រមាណ ៥០ ប្រកួតប៉ុណ្ណោះ។

 

ខណៈអាជីពបាល់ទាត់អាជីពរបស់លោកមិនទាន់សម្រេចបានដល់កម្រិតដែលគេរំពឹងទុក ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ Bolkiah នៅតែមានទំហំមហាសាល និងមិនអាចប្រៀបផ្ទឹមបានក្នុងវិស័យនេះ។ ឪពុករបស់លោក គឺព្រះអង្គម្ចាស់ Jefri Bolkiah ជាប្អូនប្រុសរបស់ព្រះមហាក្សត្រ។

 

ទ្រព្យសម្បត្តិរបស់រាជវង្សប្រ៊ុយណេ ត្រូវបានគេរាយការណ៍ថាមានចំនួនរាប់រយពាន់លានដុល្លារ ដែលភាគច្រើនបានមកពីចំណូលប្រេង និងឧស្ម័នធម្មជាតិរបស់ប្រទេស។ ព្រះអង្គម្ចាស់ Jefri ក៏ល្បីល្បាញដោយសារការប្រមូលរថយន្តប្រណីតដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។

 

សារព័ត៌មានអន្តរជាតិតែងតែយកទ្រព្យសម្បត្តិរបស់ Bolkiah ទៅប្រៀបធៀបនឹងកីឡាករបាល់ទាត់កំពូលៗដែលរកចំណូលបានច្រើនបំផុត។ ទស្សនាវដ្តី Forbes ប៉ាន់ប្រមាណថា Cristiano Ronaldo មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១,២ ពាន់លានដុល្លារ ខណៈ Lionel Messi មានប្រមាណ ១,១ ពាន់លានដុល្លារ៕

 

ទោះជាយ៉ាងណា តួលេខទ្រព្យសម្បត្តិរបស់ Bolkiah ភាគច្រើនគ្រាន់តែជាការប៉ាន់ប្រមាណ ដោយផ្អែកលើខ្សែស្រឡាយរាជវង្សរបស់លោក ជាជាងទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលត្រូវបានបញ្ជាក់ជាសាធារណៈ។

...

 

បន្ទាប់ពីចាកចេញពី Ratchaburi នៅមិនទាន់ច្បាស់ថា ក្លិបណានឹងក្លាយជាគោលដៅបន្ទាប់របស់កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ខណៈលោកកំពុងស្វែងរកឱកាសចាប់ផ្តើមអាជីពរបស់ខ្លួនជាថ្មី។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print