ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីចំនួន
២.៥៧២ អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
នាឱកាសនោះ សម្ដេចនាយករដ្ឋមន្រ្តី បានថ្លែងថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពអប់រំ ស្របតាមតម្រូវការសេដ្ឋកិច្ច និងសង្គម។ ចាប់តាំងពីឆ្នាំសិក្សា ២០០៥ រហូតមកដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបណ្តុះបណ្តាលធនធានមនុស្សសរុបជិត ៩ ម៉ឺនអង្គ/នាក់ ដែលបាននិងកំពុងចូលរួមក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលនេះបានបង្ហាញពីការរួមចំណែកដល់ការកសាងមូលធនមនុស្ស តាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាព និងជំនាញឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។ ការបណ្តុះបណ្តាលធនធានមនុស្សដែលមានចំណេះដឹង ជំនាញ និងសមត្ថភាពវិជ្ជាជីវៈ បានរួមចំណែកពង្រឹងផលិតភាព ការប្រកួតប្រជែង និងការរីកចម្រើននៃសេដ្ឋកិច្ច ព្រមទាំងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព ស្របតាមទិសដៅ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបន្តចាត់ទុក «មនុស្ស» ជាអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការកែលម្អគុណភាពអប់រំគ្រប់កម្រិត ការពង្រឹងការបណ្តុះបណ្តាលជំនាញ ការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការកសាងប្រព័ន្ធអប់រំ ដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃសង្គម និងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ កម្ពុជាបានកំណត់ចក្ខុវិស័យច្បាស់លាស់ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយការឈានទៅសម្រេចគោលដៅនេះត្រូវពឹងផ្អែកជាចម្បងលើការកសាងមូលធនមនុស្សដែលមានគុណភាពខ្ពស់៕
ដោយ៖តារា










