ខេត្តតាកែវ÷ មន្ត្រីនគរបាលស្រុកបាទីបានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែតុលានេះថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទីបានបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបីនាក់ ។
ប្រភពបានឱ្យដឹងថា ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ បានបញ្ជាលោកវរសេនីយ៍ត្រី សែម សុខន អធិការរងទទួលផ្នែកគ្រឿងញៀន ដើរល្បាតតាមភូមិសាស្ត្រសំខាន់ៗក្នុងមូលដ្ឋានមកដល់ចំណុច (ព្រៃឬស្សុី) ភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានជួបមុខសញ្ញាចំនួន ០៣ នាក់សង្ស័យហៅឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០៨ កញ្ចប់ និងទូរស័ព្ទចំនួន ០២ គ្រឿងដែលមាន៖
១-ឈ្មោះ អ៊ូន ផុល ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ (ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។ ដកហូតម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០៨ កញ្ចប់ និងទូរស័ព្ទចំនួន ០១ គ្រឿង។
២-ឈ្មោះសាន ពន្លឹង ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងខ្នារ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ។ (ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់)។ ដកហូតបានទូរស័ព្ទចំនួន ០១គ្រឿង ។
៣-ឈ្មោះ ប៊ុន ថា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។ (ប្រើប្រាស់សារធាតុញៀនខុសច្បាប់) និង ដកហូតវត្ថុតាង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន និង យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បី និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ត្រូវបានកសាងសំណុំ រឿងដើម្បីបន្តនីតិវិធី៕
ដោយ៖ សុរិយា










