ប្រេតចេញពេលយប់ ! ចេតិយក៏មិនលើកលែង ជនសង្ស័យគាស់រើកកាយកោដិ និងធាតុចោលរាយប៉ាយ

ចែករំលែក៖

ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងដោយដឹងនៅព្រឹកថ្ងៃទី០២ខែតុលានេះថា ចេតិយ១កន្លែងនៅក្នុងបរិវេណវត្តកែវឧត្តម ហៅវត្តស្វាយ ស្ថិតនៅភូមិស្វាយ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានជនសង្ស័យធ្វើសកម្មភាពគាស់ចូល និងវាយបំផ្លាញកោដិ ដើម្បីរើកកាយស្វែងរករបស់របរ បណ្តាលឱ្យធាតុ និងឆ្អឹងដែលតម្កល់ក្នុងចេតិយ ត្រូវបានចាក់ ចោលរាយប៉ាយ បង្កឱ្យមានការខឹងសម្បារពីសំណាក់កូនចៅ និងសាច់ញាតិរបស់សព។

 

តាមការឱ្យដឹងពីប្រជាពលរដ្ឋ ជនសង្ស័យត្រូវបានគេសង្ស័យថា បានធ្វើសកម្មភាពនៅពេលយប់។ លុះព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ទើបប្រជាពលរដ្ឋបានប្រទះឃើញទ្វារចេតិយត្រូវបានគាស់ និងកាត់របើក ខណៈកោដិត្រូវបានវាយ កាច់ និងចាក់ធាតុចោលរាយប៉ាយ ហើយមានស្នាមរើកកាយស្វែងរករបស់របរនៅខាងក្នុង។

 

ករណីនេះ បានបង្កការភ្ញាក់ផ្អើល និងការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ ដោយសារជនសង្ស័យមិនត្រឹមតែធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគាស់រើកកាយកន្លែងតម្កល់អដ្ឋិធាតុរបស់អ្នកស្លាប់ផងដែរ។

 

ករណីបែបនេះបានកើតឡើងច្រើនមកហើយ នៅក្នុងភូមិសាស្ត្រស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក៏ដូចជានៅក្នុងស្រុកបាទីខេត្តតាកែវ។ ប្រជាពលរដ្ឋស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធជួយស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីបំផ្លាញ និងរើកកាយចេតិយនេះ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print