ទីក្រុងសេអ៊ូល៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Park Janghwan នាយកគ្រប់គ្រងនៃក្រុមហ៊ុន NEO Battery materials Ltd. កាលពីថ្ងៃទី២៩ កញ្ញាថ្មីៗនេះ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។
សូមជម្រាបថា ក្រុមហ៊ុន NEO Battery materials Ltd. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ជាក្រុមហ៊ុនផលិតថ្ម (battery) សម្រាប់ប្រើប្រាស់លើដ្រូនគ្រប់ប្រភេទរបស់កូរ៉េ។
លោក Park បានជម្រាបជូន លោកឯកអគ្គរាជទូតថា លោកជាអ្នកបង្កើតផែនការសាកល្បងលើប្រតិបត្តិការដ្រូនដំបូងគេបង្អស់នៅប្រទេសកូរ៉េ ហើយលោកក៏បានបង្ហាញពីបំណងក្នុងការដឹកនាំគណៈប្រតិភូកូរ៉េ ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា។
លោកឯកអគ្គរាជទូត បានស្វាគមន៍ចំពោះបំណងក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន NEO និងស្ថាប័នរដ្ឋ-ឯកជនរបស់កម្ពុជា ព្រោះថាកម្ពុជាកំពុងត្រូវការដ្រូន សម្រាប់ប្រើប្រាស់លើវិស័យជាច្រើន៕
ដោយ៖តារា










