ជំងឺគ្រុនឈាមកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីខែកញ្ញាដែលមានអ្នកស្លាប់ច្រើន នៅបង់ក្លាដែស

ចែករំលែក៖

សារព័ត៌ព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ បានផ្សាយថា បង់ក្លាដែសកំពុងឈានចូលខែតុលា ដោយប្រឈមមុខជាមួយការផ្ទុះជំងឺគ្រុនឈាមកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមានអ្នកស្លាប់កើនឡើងខ្ពស់ កាលពីខែកញ្ញាកន្លងទៅ។ អ្នកជំនាញបានព្រមានថា លក្ខខណ្ឌអាកាសធាតុ អាចជំរុញឱ្យជំងឺនេះបន្តរីករាលដាលកាន់តែខ្លាំង ហើយនឹងបង្កើនសម្ពាធលើមន្ទីរពេទ្យ ដែលកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំង ការផ្ទុះរាលដាលជំងឺកញ្ជ្រឹលដ៏ធ្ងន់ធ្ងរបំផុតនៅលើពិភពលោក រួចស្រាប់ទៅហើយ។
ការកើនឡើងជាថ្មីនៃជំងឺគ្រុនឈាមនេះ គឺបន្ទាប់ពីការផ្ទុះរាលដាលដ៏ប្រល័យបំផុតរបស់ប្រទេសបង់ក្លាដែស កាលពីក្នុងឆ្នាំ២០២៣ ហើយកំពុងបង្កើនសម្ពាធបន្ថែមទៀតលើប្រព័ន្ធសុខាភិបាល ដែលរងសម្ពាធពីការផ្ទុះជំងឺកញ្ជ្រឹល ដែលបានផ្តាច់ជីវិតកុមារជាង ១១០០នាក់ នៅក្នុងឆ្នាំនេះ។ អ្នកជំនាញបាននិយាយថា ភ្លៀងធ្លាក់នាពេលថ្មីៗ បូករួមជាមួយការប្រែប្រួលលំនាំអាកាសធាតុ អាចជួយឱ្យការចម្លងជំងឺគ្រុនឈាមបន្តរហូតដល់ខែតុលានេះ ដែលជាទម្លាប់គឺជាខែមួយក្នុងចំណោមខែ ដែលការឆ្លងជំងឺនេះ ជាទូទៅកើនឡើងដល់កម្រិតកំពូល។
អ្នកជំនាញបាននិយាយថា ការរីករាលដាលវត្តមានសត្វមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម នៅក្រៅទីក្រុងធំៗ បានប្រែក្លាយជំងឺនេះទៅជាបញ្ហាប្រឈមទូទាំងប្រទេស។ ពួកគេបានព្រមានថា ការបាញ់ថ្នាំសម្លាប់មូសតែមួយមុខ មិនគ្រប់គ្រាន់ទេ លុះត្រាតែប្រភពជម្រកបង្កាត់ពូជមូសទាំងនោះ ត្រូវបានកម្ចាត់ចោល។
យោងតាមទិន្នន័យក្រសួងសុខាភិបាលបង់ក្លាដែស យ៉ាងហោច មនុស្ស២៤៥នាក់បានស្លាប់ និងអ្នកជំងឺគ្រុនឈាម ៧៩ ៦២០នាក់ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ គិតចាប់តាំងពីខែមករាមក។ ចំនួនអ្នកស្លាប់ កាលពីក្នុងខែកញ្ញា មាន ១៤៨នាក់ ដែលកើនឡើងយ៉ាងខ្លាំងពី ៤៣នាក់ក្នុងខែសីហា និង៣៦នាក់ក្នុងខែកក្កដា។ កាលពីថ្ងៃពុធសប្តាហ៍នេះ មនុស្ស ៦នាក់ទៀតបានស្លាប់ ខណៈអ្នកជំងឺគ្រុនឈាមថ្មី ១៩៤៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានអ្នកជំងឺសរុប ៥៤៨៥នាក់ កំពុងទទួលការព្យាបាល នៅទូទាំងប្រទេស៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print