ខេត្តកណ្តាល÷ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជននិងបណ្តាញសារព័ត៌មានមេត្តាជ្រាប ពាក់ព័ន្ធកិច្ចប្រតិបត្តិការស្រាវជ្រាវត្រឹមរយៈ ពេល១០ថ្ងៃ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ១នាក់ក្នុង ករណីឃាតកម្ម (កាប់ប្លន់យកម៉ូតូ)កើតហេតុវេលាម៉ោង ២០:៥០នាទី នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ចំណុចចិញ្ចើមផ្លូវជាតិលេខ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនសង្ស័យ៦នាក់ (ឃាត់ខ្លួនបាន ០១នាក់) (គេចខ្លួនចំនួន ០៥នាក់) ឈ្មោះ រឿន ម៉ារ៉ាឌី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជិះជាមួយឈ្មោះ ក្តី អ្នកលើកជិះម៉ូតូជនរង គ្រោះ)ត្រូវបានឃាត់ខ្លួននិង-ធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន (+)។
ជនរងគ្រោះ ឈ្មោះ អោ ពុធរី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារប្រៃសនីយ៍ សាខាថ្នល់ទទឹង និងមានស្រុកកំណើតភូមិត្រពាំងក្រសាំង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពងស្ពឺ។
**វត្ថុតាងចាប់យក
-ស្បែក ០១គូ ពណ៌ខ្មៅ
-មួកសុវត្ថិភាពចំនួន០២ ពណ៌ខៀវ ០១ និងពណ៌ខ្មៅ ០១ ។
សម្ភារៈបាត់បង់-ម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ តាកែវ 1AF-7611និងកាបូបស្ពាយដាក់ឯកសារការងារ មួយចំនួន។
ក្រោយពីទទួលបានព័ត៌មានករណីខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ ស្នងការ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោក ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងលោកអធិការនគរបាកស្រុកអង្គស្នួល បានបញ្ជាឲ្យកម្លាំងផ្នែកនគរបាលយុត្តិធម៌ ពិនិត្យវិភាគកន្លែងកើតហេតុ ចុះទៅដល់ នៅភូមិ ឃុំ កើតហេតុ និងស្រាវជ្រាវកំណត់មុខ សញ្ញាជនសង្ស័យខាងលើ។
លុះដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទី ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានការសម្រប សម្រួលពីលោកគុជ គឹមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដឹកនាំចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោក
វរសេនយ៍ឯក មាន សំណាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ និងប៉ុស្តិ៍ម្កាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រឿន ម៉ារ៉ាឌី រួមទាំងវត្ថុតាង នាំមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសួរនាំតាមនីតិវិធី។
តាមចម្លើយសារភាពជនសង្ស័យ មុនពេលកើតហេតុ ខ្លួនបានទំនាក់ទំនងបក្ខពួកតាមឆាតហៅដើម្បីជួបជុំគ្នានៅចំណុចដីឡូត៍ខាងជើងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ក្រោយពេលជួបជុំគ្នា ជនសង្ស័យ និងបក្ខពួកបានយកកាំបិតផ្គាក់ចេញពីបន្ទប់ជួល ហើយក៏នាំគ្នាជិះម៉ូតូចំនួន ០៣គ្រឿង ម៉ាក Honda Dream C125 ចំនួន ០២ គ្រឿង និងម៉ាក Suzuki Nex ០១គ្រឿង ជិះសំដៅមកផ្លូវជាតិ៥១។ ពេលដល់ចំណុចផ្លូវជាតិលេខ៥១ខ្លួននិង បក្ខពួកក៏បានឃើញ ម៉ូតូ០១គ្រឿងធ្វើដំណើរម្នាក់ឯង (ពីជើងទៅត្បូង) ដល់ភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ម៉ូតូបានធ្វើដំណើរបត់ចូលក្នុងភូមិបាត់ទៅ ។ ហើយខ្លួននិងបក្ខពួកបាននាំគ្នាជិះទៅទិសខាងត្បូងបន្តទៀត។ លុះដល់ខាងត្បូងភ្នំត្មាតពង ជនសង្ស័យ និងបក្ខពួកបានឃើញជនរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯង ពីត្បូងទៅជើង ភ្លាមនោះជនសង្ស័យ និងបក្ខពួកបានជិះម៉ូតូបកត្រឡប់ដេញតាមជនរងគ្រោះ ។
មកដល់ចំណុចភូមិក្រាំងក្រូច ឃុំទួលព្រេជ ជនសង្ស័យ និងបក្ខពួក បានយកកាំបិតផ្គាក់កាប់ជនរងគ្រោះ តែមិនត្រូវ ហើយជនរងគ្រោះក៏បានជិះម៉ូតូបកត្រឡប់ក្រោយ។ ពេលនោះបក្ខពួកជនសង្ស័យ បានគប់ដាវត្រូវជនរង គ្រោះ ហើយជនរងគ្រោះព្យាយាមជិះម៉ូតូបកត្រឡប់ទៅទិសខាងជើងវិញ តែសភាពរបួសធ្ងន់ធ្ងរពេកក៏បានផ្តួលម៉ូតូចោល ភ្លាមនោះជនសង្ស័យខាងលើ ក៏បានលើកម៉ូតូរបស់ជនរងគ្រោះចេញពីកន្លែងកើតហេតុ ទៅជួប ជុំគ្នានៅចំណុចដីឡូត៍ភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយជនសង្ស័យឈ្មោះ ឧត្តម បានយកម៉ូតូរបស់ជនរងគ្រោះទៅលក់នៅភ្នំពេញ។
ជនសង្ស័យបន្តសារភាពទៀតថា ពេលលក់ម៉ូតូរបស់ជនរងគ្រោះបានលុយហើយឈ្មោះ ឧត្តម បានយកលុយចំនួន២៥០,០០០៛ (ម្ភៃប្រាំម៉ឺនរៀល) មកឱ្យខ្លួន ហើយក៏បានយកលុយនោះបង់ថ្លៃបន្ទប់ជួលអស់ទៅ។
ចំពោះករណីខាងលើកម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ សុរិយា










