ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានចង្អុលណែនាំលោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកគងពិសី លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានដឹកនាំកងកម្លាំងនគរបាលស្រាវជ្រាវនិងឈានទៅបង្រ្កាបបានមុខសញ្ញា លួច ២ករណី និងគ្រឿងញៀន ១ករណី ៖
(១)ករណីចោរកម្ម÷នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគបាលអង្គពពេល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រណបល្បាតនៅចំណុចអតីតក្រុមហ៊ុន M J PARK (គ្មានមនុស្ស) ភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យ១ នាក់ ឈ្មោះ ជួប ផល្លា (ហៅ លិ) ប្រុស ២០ឆ្នាំ នៅភូមិស្វាយទាប ឃុំអង្គពពេលស្រុកគងពិសីដកហូតបានខ្សែភ្លេីងជាប្រភេទសរសៃមួយចំនួន។
នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ កម្លាំងប៉ុស្ដិ៍នគរបាល រកាកោះ បានទទួលជនសង្ស័យម្នាក់ និងពុម្ពកាំបិតកាត់ស្បែកជើង២៦ពុម្ព ពីឈ្មោះ ភួង ប៊ុនធឿន ភេទ ប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាសន្តិសុខ ក្រុមហ៊ុន អាយ២៤ អេច យាមនៅរោងចក្រ យូនីខន ជនសង្ស័យឈ្មោះ ម៉ម ចន្ទ្រា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី បានផ្លោះរបងចូលរោងចក្រ យូនីខន ស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ សន្តិសុខយាមឃើញក៏បានហៅគ្នាមកស្ទាក់ចាប់ជនសង្ស័យបញ្ជូនឱ្យសម្ថកិច្ចចាត់ការតាមច្បាប់។ សមត្ថកិច្ចបានដកហូត ពុម្ពកាំបិតកាត់ស្បែកស្បែកជើង ។
(២)ករណីគ្រឿងញៀន÷នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចអតីតក្រុមហ៊ុន MJ.PARK កំលាំងជំនាញសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលអង្គពពេលបានឃាត់មុខសញ្ញាគ្រឿងញៀន ១នាក់ ឈ្មោះ ត្រឹម រ៉ាបូ ហៅបូ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ដកហូតម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន១កញ្ចប់មធ្យម និងទូរស័ព្ទដៃ ១គ្រឿង។
ករណីទាំង៣ខាងលេីអធិការដ្ឋាននគរបាលស្រុកបានកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធីបន្ដ៕
ដោយ៖ សុរិយា










