ការលាឈប់របស់ Messi ពីគ្រុមជម្រើសជាតិអាហ្សង់ទីន បញ្ចប់រឿងរ៉ាវនៃក្តីស្រលាញ់បាល់ទាត់ដ៏វែងឆ្ងាយ

ចែករំលែក៖

នៅពេល Lionel Messi បង្ហាញខ្លួនជាលើកចុងក្រោយសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីននៅថ្ងៃអង្គារ វានឹងក្លាយជាការបិទបញ្ចប់ដំណើរដ៏វែងឆ្ងាយមួយ ដែលចាប់ផ្តើមពីពេលសហព័ន្ធបាល់ទាត់អាហ្សង់ទីន សូម្បីតែមិនស្គាល់ឈ្មោះរបស់គេ ហើយចុងក្រោយបានក្លាយជាទំនាក់ទំនងដ៏ពិសេស និងយូរអង្វែងបំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡា។

 

ការប្រកួតលាគ្នាជាមួយ Benin នៅកីឡដ្ឋាន Monumental ក្នុងទីក្រុង Buenos Aires នឹងបញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិរបស់ Messi ដែលមានរយៈពេលជាង ២០ ឆ្នាំ។ ដំណើរនេះបានចាប់ផ្តើមនៅពេលអាហ្សង់ទីនត្រូវប្រញាប់ស្វែងរកកីឡាករវ័យជំទង់ដ៏មានទេពកោសល្យម្នាក់ ដែលកំពុងអភិវឌ្ឍអាជីពនៅឆ្ងាយពីប្រទេសកំណើត។

 

អ្នកកាសែត និងអ្នកនិពន្ធអាហ្សង់ទីន Sergio Levinsky ដែលជាអ្នកនិពន្ធសៀវភៅ “Messi and Everything Else” បានប្រាប់ Reuters ថា៖ «គាត់បានឆ្លងកាត់ពេលវេលាជាច្រើន ហើយវាជាយុគសម័យដែលខុសគ្នាខ្លាំង។ នៅដំណាក់កាលដំបូង គាត់បានរងទុក្ខយ៉ាងខ្លាំងជាមួយក្រុមជម្រើសជាតិ។ គាត់ពិតជាបានឆ្លងកាត់រឿងលំបាកជាច្រើន។»

 

Messi បានផ្លាស់ទៅ Barcelona តាំងពីវ័យជំទង់។ ខណៈអេស្ប៉ាញព្យាយាមបញ្ចុះបញ្ចូលគេឱ្យលេងឱ្យក្រុមជម្រើសជាតិរបស់ពួកគេ ប្រទេសកំណើតរបស់គេវិញស្ទើរតែមិនដឹងថាគេមានវត្តមានឡើយ។

 

នៅ World Cup U-17 ឆ្នាំ 2003 នៅប្រទេសហ្វាំងឡង់ អេស្ប៉ាញបានយកឈ្នះអាហ្សង់ទីន 3-2 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបន្ថែមម៉ោង។

 

តាម Levinsky កីឡាករវ័យក្មេង Cesc Fabregas ដែលបានស៊ុតពីរគ្រាប់ និងជាមិត្តរួមក្រុមរបស់ Messi នៅសាលាបាល់ទាត់ La Masia របស់ Barcelona បានប្រាប់មន្ត្រីអាហ្សង់ទីនបន្ទាប់ពីការប្រកួតថា៖ «អ្នកចាញ់យើង ព្រោះយើងមានកីឡាករល្អបំផុតរបស់អ្នកនៅ Barcelona ហើយគាត់ជាកីឡាករដ៏អស្ចារ្យ។»

 

គ្រូបង្វឹកយុវជនអាហ្សង់ទីន Hugo Tocalli ក៏បានរំឭកពីហេតុការណ៍ស្រដៀងគ្នានេះដែរ។ លោកបាននិយាយនៅក្នុងកម្មវិធី Ole Summit កាលពីខែមុនថា ចុងភៅរបស់ក្រុមអេស្ប៉ាញបានប្រាប់លោកថា អាហ្សង់ទីនត្រូវការ «ក្មេងម្នាក់ដែលលេងនៅ Barcelona» ដើម្បីឈ្នះការប្រកួត។

 

ប៉ុន្តែការស្វែងរកក្មេងប្រុសម្នាក់ពីទីក្រុង Rosario មិនមែនជារឿងងាយស្រួលឡើយ។

 

បុគ្គលិក AFA Omar Souto បានស្វែងរកគ្រួសារ Messi នៅអេស្ប៉ាញតាមរយៈបញ្ជីទូរស័ព្ទពីទីក្រុង Rosario ប៉ុន្តែបែរជាសួររកមនុស្សឈ្មោះ «Leonardo»។

 

តាមភាពយន្តឯកសារ “Messi: The Forgotten Tape” គេបានប្រាប់ Souto ថា៖ «ឈ្មោះរបស់គាត់មិនមែន Leonardo ទេ គឺ Lionel។»

 

ការច្រឡំសូម្បីតែបានកើតឡើងក្នុងឯកសារផ្លូវការ។ AFA បានផ្ញើ Fax ទៅ Barcelona ដើម្បីសួរអំពីកីឡាករម្នាក់ឈ្មោះ «Mecci» ដោយសរសេរនាមត្រកូលខុសជា “Mecci” ព្រោះមន្ត្រីជឿថា គេអាចជាជនជាតិអ៊ីតាលី។

 

ក្តីស្រលាញ់ដែលត្រូវបានកសាងឡើងបន្តិចម្តងៗ

 

បន្ទាប់ពីភាពស្មុគស្មាញទាំងនេះ Messi បានលេងការប្រកួតមិត្តភាព ២ លើកជាមួយក្រុម U-20 អាហ្សង់ទីនក្នុងឆ្នាំ 2004 ដែលជាការបង្ហាញខ្លួនដំបូងរបស់គេក្នុងអាវពណ៌ខៀវ-ស។

 

ប៉ុន្តែការសង្ស័យនៅតែមាន។

 

នៅ World Cup U-20 ឆ្នាំ 2005 នៅប្រទេសហូឡង់ Messi ចាប់ផ្តើមពីកៅអីបម្រុង ខណៈអាហ្សង់ទីនចាញ់ការប្រកួតបើកឆាក។

 

Levinsky បាននិយាយថា៖ «មានការប្រឆាំងខ្លាំងចំពោះការកោះហៅក្មេងម្នាក់ដែលមិនបានលេងនៅក្នុងប្រទេស។ គាត់ត្រូវប្រយុទ្ធប្រឆាំងនឹងការសង្ស័យទាំងនោះ និងការដែលគេចាត់ទុកគាត់ជាជនបរទេស ព្រោះគាត់រស់នៅអេស្ប៉ាញ។»

 

ក្រោយមក Messi ក៏ត្រូវបានរិះគន់ថា មិនអាចបង្ហាញទម្រង់លេងដូចនៅក្លិបបាន ហើយអ្នកគាំទ្រមួយចំនួនបានហៅគាត់ថា «pecho frio» ដែលសំដៅលើកីឡាករដែលខ្វះចិត្តប្រយុទ្ធ និងភាពក្លាហាន។

 

ការប្រកួតជម្រុះ World Cup ជាមួយ Colombia ក្នុងឆ្នាំ 2011 បានចាប់ផ្តើមផ្លាស់ប្តូរទស្សនៈរបស់អ្នកគាំទ្រ។ Messi បានជួយអាហ្សង់ទីនតាមពីក្រោយ ហើយវាយបកឈ្នះក្នុងស្ថានភាពដ៏លំបាក។

 

«គាត់ហត់ខ្លាំង សូម្បីតែក្អួត ប៉ុន្តែចុងក្រោយគាត់នៅតែជួយឱ្យក្រុមឈ្នះ។ វាជាលើកដំបូងដែលអ្នកគាំទ្រមើលគាត់ខុសពីមុន» លោក Levinsky បាននិយាយ។»

 

ទំនាក់ទំនងរវាង Messi និងប្រជាជនអាហ្សង់ទីនកាន់តែរឹងមាំ នៅពេលគាត់ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិជាបណ្តោះអាសន្ន បន្ទាប់ពីអាហ្សង់ទីនចាញ់ ឈីលីក្នុងការទាត់បាល់ពិន័យ ១១ ម៉ែត្រ នៅវគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ 2016។

 

ជំនួសឱ្យការស្តីបន្ទោសគាត់ ប្រជាជនអាហ្សង់ទីនបានអំពាវនាវជាសាធារណៈឱ្យគាត់ត្រឡប់មកវិញ។

 

«មនុស្សបានដឹងថា គាត់មិនមែនជាអ្នកទទួលខុសត្រូវចំពោះការបរាជ័យទេ។ គាត់គឺជាអ្នកដែលនាំពួកគេទៅដល់វគ្គផ្តាច់ព្រ័ត្រ» លោក Levinsky បានបន្ថែម។»

 

ក្រោមការដឹកនាំរបស់ លោក Lionel Scaloni ខ្សែប្រយុទ្ធ Messi បានក្លាយជាមេដឹកនាំដ៏សំខាន់របស់ជំនាន់ថ្មី ហើយបានដឹកនាំអាហ្សង់ទីនឱ្យឈ្នះ Copa America ២ លើក និង World Cup 2022។

 

ការវិវត្តរបស់ Messi ទៅជាប្រធានក្រុមដែលហ៊ាននិយាយ និងដឹកនាំកាន់តែខ្លាំង បានធ្វើឱ្យមានការប្រៀបធៀបជាមួយ Diego Maradona។ ប៉ុន្តែ Levinsky យល់ថា ការជជែកថា អ្នកណាល្អជាងរវាងវីរបុរសទាំងពីរ គឺមិនចាំបាច់ឡើយ។

 

«វាគឺ Messi និង Maradona។ ពួកគេទាំងពីរជាអ្នកមានទេពកោសល្យដ៏អស្ចារ្យ ក្នុងយុគសម័យខុសៗគ្នា។»

 

សម្រាប់ Levinsky សេចក្តីស្រឡាញ់របស់អាហ្សង់ទីនចំពោះ Messi មិនបានកើតឡើងភ្លាមៗដូច Maradona ទេ។ វាត្រូវបានកសាងឡើងបន្តិចម្តងៗ ជុំវិញកីឡាករម្នាក់ដែលធំធាត់ និងបង្កើតអាជីពភាគច្រើននៅក្រៅប្រទេស ប៉ុន្តែកាន់តែជិតស្និទ្ធជាមួយអ្នកគាំទ្ររបស់ខ្លួនតាមពេលវេលា។

...

 

Levinsky បានប្រៀបធៀបយ៉ាងគួរឱ្យចាប់អារម្មណ៍ថា៖ «Messi គឺដូចជាអ្នកស្រាប់តែដឹងថា អ្នកមានកូនប្រុសអាយុ ១៨ ឆ្នាំម្នាក់។ អ្នកត្រូវចាប់ផ្តើមស្រឡាញ់គាត់ ទោះបីអ្នកមិនធ្លាប់ដឹងថាគាត់មានវត្តមានក៏ដោយ។ វាគឺជាស្នេហាដែលត្រូវបានកសាងឡើងបន្តិចម្តងៗ៕»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print