ភ្នំពេញ៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥។
ពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាននាព្រឹកថ្ងៃនេះ រៀបចំធ្វើឡើងនៅវិមានសន្តិភាព វិមានរាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាសមាជិកសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈអភិបាលខេត្តរបស់កម្ពុជា។
មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ត្រូវបានរៀបចំឡើងលើកទី២ហើយនៅកម្ពុជា ខណៈលើកទី១ ត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០១៩។
ការរៀបចំមហាសន្និបាត VECONAC នេះ បានផ្តល់ឱកាសយ៉ាងសំខាន់សម្រាប់អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ លើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងជំរុញការចូលរួមរបស់អតីតយុទ្ធជនក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសង្គម ការកសាងសហគមន៍អាស៊ានប្រកបដោយភាពរឹងមាំ និងចីរភាព។
សូមបញ្ជាក់ថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨០ និងបច្ចុប្បន្នមានសមាជិកសរុបចំនួន១០ប្រទេស ដែលកំពុងបំពេញភារកិច្ចលើការងារអតីតយុទ្ធជនយ៉ាងសកម្មតាមបណ្តាប្រទេសរៀងៗខ្លួននៅក្នុងតំបន់។ ក្នុងមហាសន្និបាតលើកទី២៥នេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយទៀតក្នុងប្រវត្តិសាស្ត្ររបស់ VECONAC ដោយនឹងទទួលបញ្ចូលក្រុមប្រឹក្សាអ្នកតស៊ូរំដោះជាតិនៃប្រទេសទីម័រឡេស្តេ ជាសមាជិកថ្មីទី១១។ ការពង្រីកសមាជិកភាពនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើន និងការពង្រឹងតួនាទីរបស់ VECONAC ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីស្មារតីរួបរួម សាមគ្គីភាព និងការប្តេជ្ញាចិត្តរួមក្នុងការថែរក្សាតម្លៃនៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់អតីតយុទ្ធជននៅទូទាំងតំបន់។
អស់រយៈពេលជាងបួនទសវត្សរ៍មកនេះ VECONAC បានពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការអភិវឌ្ឍជំនាញ ជំនួយមនុស្សធម៌ និងការគាំទ្រគ្នាទៅវិញទៅមក។ តាមរយៈសកម្មភាពទាំងនេះ VECONAC បានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន ពង្រឹងមិត្តភាព សាមគ្គីភាព និងរួមចំណែកថែរក្សាសន្តិភាពក្នុងតំបន់។
ដោយឡែក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានចូលជាសមាជិក VECONAC តាំងពីឆ្នាំ២០១០ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងបានពង្រឹងទំនាក់ទំនងជាមួយសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសជាមិត្ត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា។
ការរៀបចំមហាសន្និបាត VECONAC លើកទី២៥ ត្រូវបានអនុវត្តស្របតាមធម្មនុញ្ញ និងច្បាប់បញ្ញត្តិរបស់ VECONAC ដោយបានរៀបចំកិច្ចប្រជុំគណៈកម្មការការងារលើកទី៧ បានកំពុងរៀបចំកិច្ចប្រជុំវេទិកាធុរកិច្ច និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ នៅដើមខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិឆ្នាំ២០២៦ បានពិនិត្យ ពិភាក្សា និងឯកភាពលើសំណើសំខាន់ៗចំនួន ៩ ដើម្បីដាក់ជូនមហាសន្និបាតលើកទី២៥ ពិនិត្យ និងអនុម័ត សំដៅពង្រឹងប្រសិទ្ធភាពរបស់ VECONAC ក្នុងការបម្រើ និងគាំពារអតីតយុទ្ធជន ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
ដោយឡែកវេទិកាធុរកិច្ច ដែលដឹកនាំដោយសហប្រធានមកពីសិង្ហបុរី វៀតណាម និងកម្ពុជា ត្រូវបានរៀបចំឡើងដើម្បីជំរុញការតាំងបង្ហាញផលិតផល ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងសមាជិក VECONAC សំដៅបង្កើតប្រភពចំណូលសម្រាប់គាំពារអតីតយុទ្ធជន និវត្តជន និងសមាគមនៃប្រទេសសមាជិក។ វេទិកានេះក៏ទទួលបានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការសម្របសម្រួលការតាំងពិព័រណ៍ផលិតផល និងការចូលរួមពីវិស័យឯកជន៕
ដោយ៖តារា










