សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍សំខាន់ៗឱកាសអញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅវិមានសន្តិភាព វិមានរាជរដ្ឋាភិបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូជាសមាជិកសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈអភិបាលខេត្តរបស់កម្ពុជា។

 

សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖

 

– សម្តេចធិបតី បានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅបំផុតពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងយោធិនពិការកម្ពុជា ជូនចំពោះអតីតយុទ្ធជន និវត្តជនទាំងអស់ ដែលមានវត្តមាននៅទីនេះ។

 

– សម្តេចធិបតី ថ្លែងថា ការធ្វើជាប្រធានប្ដូរវេននៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន សម្រាប់ឆ្នាំ២០២៦ គឺជាកិត្តិយសដ៏ធំធេងសម្រាប់សមាគមអតីតយុទ្ធជន និវត្តជនកម្ពុជា។ នេះកើតឡើងចំពេលដ៏សំខាន់មួយ ខណៈដែលស្ថាប័នស្នូលរបស់កម្ពុជាសម្រាប់អតីតយុទ្ធជន និងនិវត្តជន បានបើកទំព័រថ្មីប្រកបដោយមោទកភាព ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន តាមរយៈកំណែទម្រង់រចនាសម្ព័ន្ធ ដែលពង្រីកវិសាលភាពរបស់សមាគម ដើម្បីរួមបញ្ចូលទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការក្រោមដំបូលតែមួយ។

 

– សម្តេចធិបតី ថ្លែងថា សូមសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះ VECONAC ចាប់តាំងពីការបង្កើតឡើងតាំងពីឆ្នាំ១៩៨០ គឺជាស្ពានទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការ និងសមាគមអតីតយុទ្ធជនទូទាំងតំបន់អាស៊ាន។

 

– សម្តេចធិបតី ថ្លែងថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ VECONAC លើកទី៣២ (EBM-32) និងមហាសន្និបាត VECONAC លើកទី១៩ ក្នុងឆ្នាំ២០១៩ ទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ដែលបានលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់សហព័ន្ធរបស់យើង។ ការជួបជុំគ្នាសារជាថ្មីនៅលើទឹកដីរបស់កម្ពុជា គឺជាសក្ខីភាពនៃការបន្ត សាមគ្គីភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់អតីតយុទ្ធជនក្នុងតំបន់។

 

– សម្តេចធិបតី ថ្លែងថា VECONAC មិនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ ក្នុងការកែលម្អគុណភាពជីវិត សុខុមាលភាព និងការការពារសង្គមរបស់អតីតយុទ្ធជន និងជនពិការដោយសារសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយន្តការក្នុងតំបន់ដ៏មានឥទ្ធិពល ក្នុងការរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

 

– សម្តេចធិបតី ថ្លែងថា ការដឹងគុណ ការមើលថែ និងការកែលម្អជីវភាពរស់នៅរបស់អតីតយុទ្ធជន និងយោធិនពិការ មិនមែនគ្រាន់តែជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែគឺជាកាតព្វកិច្ចសីលធម៌ និងកតញូតាធម៌ជាតិ ដែលមនុស្សជំនាន់ក្រោយត្រូវតបស្នងចំពោះវីរជន និងរៀមច្បងគ្រប់រូប។

 

– សម្ដេចធិបតី បានគូសបញ្ជាក់ថា តាមពិតការដឹងគុណកតញូតាធម៌ចំពោះឪពុកម្ដាយ ជីដូនជីតា និងបុព្វបុរស គឺជាសីលធម៌ និងគុណតម្លៃដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌អាស៊ី រួមទាំងនៅកម្ពុជាផងដែរ។

 

– សម្តេចធិបតី ថ្លែងថា អាស៊ីអាគ្នេយ៍បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ស្មុគស្មាញក្រោយសង្គ្រាមលោកលើកទី២។ សង្គមក្រោយអាណានិគមរបស់យើង ត្រូវបានកសាងសមិទ្ធិផលកើតចេញពីការរំដោះចេញពីការលះបង់ «សាច់ស្រស់ ឈាមស្រស់» របស់អតីតយុទ្ធជន និងនិវត្តទាំងសមរភូមិជួរមុខ និងជួរក្រោយ។

 

– សម្តេចធិបតី ថ្លែងបន្ថែមថា សម្រាប់ឥណ្ឌូចិន យើងនៅមានសង្គ្រាមអូសបន្លាយជាច្រើនឆ្នាំក្នុងសម័យសង្គ្រាមត្រជាក់ ហើយសម្រាប់កម្ពុជា ដែលមានសង្គ្រាមយូរជាងគេនៅអាស៊ីអាគ្នេយ៍ យើងយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព ក៏ដូចជាការលះបង់ដ៏ធំធេង និងការលះបង់គ្រប់ទម្រង់ដែលធ្វើឡើងដោយអតីតយុទ្ធជន និងនិវត្តជន ក្នុងការរួមចំណែកដល់ការកសាងជាតិ និងការការពារជាតិ។

 

– សម្តេចធិបតី ថ្លែងថា មិនថាស្ថិតនៅកម្ពុជា ឥណ្ឌូចិន ឬតំបន់អាស៊ានទាំងមូលនោះទេ យើងចាត់ទុកអតីតយុទ្ធជនជាអ្នកការពារប្រវត្តិសាស្ត្រ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិក្នុងការកំណត់វាសនា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងបរិបទប្រវត្តិសាស្ត្រ និងវប្បធម៌នៃសង្គមជាតិនីមួយៗ។

 

– សម្ដេចធិបតី ថ្លែងបន្តថា សម្រាប់កម្ពុជា សន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញ ដែលយើងទទួលបាននៅពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ។ ពិភពលោកទាំងមូលទទួលស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ជាមួយនឹងគតិបណ្ឌិតដ៏ឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

 

– សម្តេចធិបតី ថ្លែងថា តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ ដណ្តើមបានមកវិញនូវឯកភាពជាតិ ឯកភាពទឹកដី និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក។

 

– សម្ដេចធិបតី បានគូសបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជនគឺជាប្រតិបត្តិករផ្ទាល់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះនេះ ហើយបងប្អូនបានបើកបេះដូងទទួលយកការបង្រួបបង្រួមជាតិពីគ្រប់ភាគី និងស្មារតីឈ្នះ-ឈ្នះ គ្មានអ្នកចាញ់ ដោយមិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រប់ឡើយ។

 

– សម្តេចធិបតី ថ្លែងថា ការបង្កើតពាក្យស្លោក «អរគុណសន្តិភាព» គឺមានគោលបំណងបំផុសស្មារតីជាតិឱ្យស្រឡាញ់ យល់ដឹង និងចូលរួមការពារសន្តិភាព។ ពាក្យស្លោកនេះក៏បង្ហាញពីការដឹងគុណ និងការកោតសរសើរចំពោះអតីតយុទ្ធជន និងនិវត្តទាំងឡាយ ដែលបានរួមចំណែកដ៏ធំធេងកសាងគ្រឹះដ៏រឹងមាំនៃសន្តិភាពសម្រាប់កម្ពុជា ជាប្រទេសដែលធ្លាប់ត្រូវបានគេស្គាល់ថា ជាទឹកដីដែលរងទុក្ខវេទនាដ៏អាក្រក់បំផុតដោយសារកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ។

 

– សម្តេចធិបតី ថ្លែងថា ដោយសារផលលាភនៃសន្តិភាពទើបកម្ពុជាអាចស្តារកិតិ្តយសរបស់ខ្លួននៅលើឆាកអន្តរជាតិ និងមានទំនុកចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នៅថ្ងៃនេះ។ អរគុណសន្តិភាព កម្ពុជាបានរីកចម្រើនស្ទើរតែមិនគួរឲ្យជឿ បើប្រៀបធៀបទៅនឹងអ្វីដែលអតីតយុទ្ធជន និងនិវត្តបរទេសបានជួបប្រទះនៅពេលមកទស្សនាព្រះរាជាណាចក្រកម្ពុជាកាលពីមួយទសវត្សរ៍ ឬពីរទសវត្សរ៍មុន ឬមុននេះទៀត។

 

– សម្តេចធិបតី ថ្លែងថា សន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ បានអនុញ្ញាតឱ្យកម្ពុជាផ្តោតធនធានសរុបរបស់ខ្លួនលើការជំរុញការអភិវឌ្ឍជាតិ ដោយសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមជាង ៧% សម្រាប់រយៈពេលជាងពីរទសវត្សរ៍ មុនវិបត្តិជំងឺកូវីដ-១៩។ នៅឆ្នាំ២០១៥ កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមទាប ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។

 

– សម្តេចធិបតី ថ្លែងថា ដោយសារអរគុណសន្តិភាព និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ កម្ពុជាអាចកសាង និងពង្រឹងស្ថាប័នជាតិផ្សេងៗ រួមទាំងស្ថាប័នដែលទទួលខុសត្រូវលើការការពារសង្គម ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញភាពធន់របស់សង្គម នាអំឡុងពេលវិបត្តិ និងធានាការចែកចាយផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ – ជាកត្តាដ៏សំខាន់ក្នុងការកសាងសង្គមមួយដែលរួមបញ្ចូលគ្នា។

 

– សម្តេចធិបតី ថ្លែងថា កត្តាទាំងនេះបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបែងចែកធនធានថវិកា និងរចនាសម្ព័ន្ធជាប្រព័ន្ធ ដើម្បីយកចិត្តទុកដាក់ និងគាំទ្រសុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជន ដូចដែលឯកឧត្តម ឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងយោធិនពិការកម្ពុជា និងជាប្រធាន VECONAC សម្រាប់ឆ្នាំ២០២៦ បានលើកឡើងក្នុងរបាយការណ៍វឌ្ឍនភាពការងារ។

 

– សម្តេចធិបតី ថ្លែងថា ទោះបីជាស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោកមានភាពស្មុគស្មាញ ភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណីដែលកំពុងកើនឡើង កម្ពុជានៅតែប្រកាន់ខ្ជាប់ចំពោះគោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ ការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈការសន្ទនា តាមរយៈស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំសម្រាប់កសាងសន្តិភាព។

 

– សម្តេចធិបតី ថ្លែងថា គ្មាននរណាម្នាក់យល់អំពីសន្តិភាពជាងអតីតយុទ្ធជននោះទេ។ ពួកគេគឺជាអ្នកតស៊ូមតិដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សន្តិភាព។ ដូច្នេះ VECONAC មានបេសកកម្មដ៏ពិសិដ្ឋ មិនត្រឹមតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់អតីតយុទ្ធជនប៉ុណ្ណោះទេ ប៉ុន្តែក៏បម្រើការជាអ្នកការពារសន្តិភាពដ៏មានឥទ្ធិពលផងដែរ។ ក្នុងស្មារតីនេះ ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពរបស់ VECONAC ក្នុងការបំពេញបេសកកម្មដ៏ថ្លៃថ្នូរ។

 

– សម្តេចធិបតី សូមចែករំលែកទស្សនៈ និងអនុសាសន៍សំខាន់ៗមួយចំនួនជូនមហាសន្និបាត។

+ទីមួយ៖ យើងត្រូវបន្តរួមគ្នាថែរក្សា និងលើកកម្ពស់តម្លៃនៃសន្តិភាព ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់តំបន់។

+ទីពីរ៖ យើងត្រូវពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃបណ្ដាប្រទេសអាស៊ាន។ សូមលើកទឹកចិត្ត VECONAC ឱ្យបន្តបម្រើការជាស្ពាន និងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អបំផុត ខណៈពេលដែលលើកកម្ពស់កម្មវិធី និងគម្រោងរួមគ្នាដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់អតីតយុទ្ធជន។

+ទីបី៖ យើងត្រូវកំណត់ការកែលម្អគុណភាពជីវិត និងសុខុមាលភាពរបស់អតីតយុទ្ធជនជាស្នូលនៃកិច្ចសហប្រតិបត្តិការ។ សូមលើកទឹកចិត្ត VECONAC និងសមាគមសមាជិក ឱ្យបន្តផ្តល់អាទិភាពដល់សុខភាព ការការពារសង្គម ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន។

 

+ទីបួន៖ យើងត្រូវលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនជាអ្នកអប់រំសន្តិភាព និងជាស្ពានតភ្ជាប់អតីតកាលទៅបច្ចុប្បន្ន និងអនាគត។ បទពិសោធន៍របស់អតីតយុទ្ធជន បម្រើជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។ VECONAC គួរតែលើកទឹកចិត្តការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីតម្លៃនៃសន្តិភាព ការផ្សះផ្សា សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមកដល់យុវជន។

+ទីប្រាំ៖ VECONAC គួរតែមានភាពសកម្ម ធន់ ដើម្បីឆ្លើយតបទៅនឹងបរិបទរបស់តំបន់។

+ទីប្រាំមួយ៖ ស្មារតី VECONAC គួរតែត្រូវបានថែរក្សា និងលើកកម្ពស់ ដើម្បីបម្រើជាកម្លាំងបង្រួបបង្រួមនៅក្នុងសហគមន៍អាស៊ាន។ ខ្ញុំលើកទឹកចិត្តសមាគមជាសមាជិកទាំងអស់ឱ្យបន្តប្រកាន់ខ្ជាប់នូវតម្លៃស្នូលរបស់ VECONAC រួមមានកិច្ចសហប្រតិបត្តិការ ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងក្តីមេត្តាធម៌។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតលើកទី២៥ នេះនឹងសម្គាល់នូវព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងការបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអតីតយុទ្ធជននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និងការបន្តលើកកម្ពស់តួនាទីរបស់ VECONAC ឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព។

 

– សម្តេចធិបតី ថ្លែងថា យើងត្រូវតែធ្វើការរួមគ្នាដើម្បីធានាថា ការរួមចំណែក និងការលះបង់របស់អតីតយុទ្ធជន និងនិវត្តជនត្រូវបានចងចាំដោយការដឹងគុណ។ ថាបទពិសោធន៍ និងមេរៀននៃសង្គ្រាមត្រូវបានផ្លាស់ប្តូរទៅជាមេរៀនសម្រាប់សន្តិភាព និងធ្វើឲ្យសាមគ្គីភាពរវាងអតីតយុទ្ធជនរបស់យើងក្លាយជាកម្លាំង រួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ដែលមានលក្ខណៈដោយសន្តិភាព ស្ថិរភាព មិត្តភាព សុខុមាលភាព និងវិបុលភាពយូរអង្វែងសម្រាប់ប្រជាជនរបស់យើង និងសម្រាប់មនុស្សជំនាន់ក្រោយ។

 

– សម្តេចធិបតី ថ្លែងថា ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុតចំពោះលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការការងារលើកទី៧ (WCM-7) និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ (EBM-38) ដែលបានបន្តពង្រឹងសមិទ្ធផលប្រកបដោយផ្លែផ្កា ដែលយើងបានខិតខំប្រឹងប្រែងរួមគ្នាដើម្បីដាំដុះ។ យើងទន្ទឹងរង់ចាំការអនុម័តសេចក្តីសំខាន់ៗមួយចំនួន ដោយមហាសន្និបាត VECONAC លើកទី២៥។

...

 

– សម្តេចធិបតី សូមប្រកាសបើកជាផ្លូវការនូវ «មហាសន្និបាតលើកទី២៥ នៃសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC)» ចាប់ពីពេលនេះតទៅ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print