ហ្វីលីពីនចាប់ខ្លួនជនបរទេស ២៤៤នាក់ ក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមអនឡាញ

ចែករំលែក៖

ម៉ានីល៖ អាជ្ញាធរហ្វីលីពីនបានចាប់ខ្លួនជនបរទេសជាង ២០០នាក់ នៅក្នុងប្រតិបត្តិការបង្ក្រាបដ៏ធំបំផុតប្រចាំឆ្នាំនេះ ប្រឆាំងនឹងប្រតិបត្តិករល្បែងអនឡាញខុសច្បាប់ នៅក្នុងប្រទេស។ នេះបើតាមការបញ្ជាក់របស់ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន។

 

ហ្វីលីពីនបានហាមឃាត់ប្រតិបត្តិករល្បែងអនឡាញរបស់ខ្លួន ដែលត្រូវបានគេស្គាល់ក្នុងស្រុកថា POGOs តាំងពីឆ្នាំ ២០២៤ ដោយសារអាជ្ញាធរជឿថា ក្រុមឧក្រិដ្ឋជនបានប្រើអាជីវកម្មទាំងនេះជាគម្របសម្រាប់សកម្មភាពជួញដូរមនុស្ស ការលាងលុយ ការឆបោកតាមអនឡាញ ការចាប់ជំរិត និងអំពើឃាតកម្ម។

 

កងទ័ព និងស្ថាប័នអនុវត្តច្បាប់ផ្សេងៗរបស់ហ្វីលីពីន បានចុះប្រតិបត្តិការឆ្មក់ចូលទីតាំងចំនួន ២ នៅតំបន់ភាគខាងត្បូងនៃកោះ Mindanao កាលពីថ្ងៃសុក្រ (២ តុលា)។ នៅទីតាំងទី១ អាជ្ញាធរបានចាប់ខ្លួនជនជាតិចិន ១១០នាក់ ជនជាតិកម្ពុជា ២នាក់ និងជនជាតិហុងកុងម្នាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអន្តោប្រវេសន៍ ដែលបានចេញផ្សាយនៅយប់ថ្ងៃសៅរ៍។

 

នៅទីតាំងទី២ អាជ្ញាធរបានចាប់ខ្លួនជនបរទេស ១៣១នាក់ទៀត ដែលភាគច្រើនជាជនជាតិចិន ហើយក្នុងចំណោមនោះក៏មានពលរដ្ឋម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាផងដែរ។

 

ការិយាល័យអន្តោប្រវេសន៍បានឱ្យដឹងថា អាជ្ញាធរបានរឹបអូសឧបករណ៍កុំព្យូទ័រ ទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ និងស៊ីមកាតក្នុងចំនួន «ច្រើន»។

 

រដ្ឋាភិបាលកំពុងស៊ើបអង្កេតលើករណីដែលអាចពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្សរបស់អ្នកដែលត្រូវបានចាប់ខ្លួនមួយចំនួន ខណៈអ្នកដែលនៅសល់នឹងត្រូវបញ្ជូនចេញពីប្រទេស។

 

លោក Joel Viado ប្រធានការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងនឹងបន្តអនុវត្តច្បាប់អន្តោប្រវេសន៍របស់យើងចំពោះជនបរទេសដែលបំពានលើលក្ខខណ្ឌនៃការស្នាក់នៅរបស់ពួកគេ ហើយធានាថា ប្រទេសហ្វីលីពីនមិនត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សកម្មភាពខុសច្បាប់ឡើយ»។

 

លោកបានពិពណ៌នាប្រតិបត្តិការឆ្មក់ចូលនេះថា ជា «ការបង្ក្រាប POGO ដ៏ធំបំផុតប្រចាំឆ្នាំ ២០២៦»។

 

អ្នកនាំពាក្យស្ថានទូតចិនប្រចាំហ្វីលីពីន លោក Ji Lingpeng បានប្រាប់ AFP ថា៖ «យើងកំពុងទាក់ទងទៅកាន់ស្ថាប័នអនុវត្តច្បាប់របស់ហ្វីលីពីន ដើម្បីស្វែងយល់អំពីព័ត៌មានលម្អិតនៃករណីនេះ»។

...

 

លោកបានបន្ថែមថា៖ «ច្បាប់របស់ចិនហាមឃាត់ការលេងល្បែងគ្រប់ទម្រង់ រួមទាំងពលរដ្ឋចិនទៅលេងល្បែងនៅក្រៅប្រទេស ឬធ្វើការឱ្យក្រុមហ៊ុនល្បែងស៊ីសងផងដែរ»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print