អេស្ប៉ាញទទួលបានភ្ញៀវទេសចរ ៧០ លាននាក់ក្នុងរយៈពេល ៨ ខែ ដែលជាកំណត់ត្រាថ្មី

ចែករំលែក៖

អេស្ប៉ាញ ដែលជាប្រទេសមានភ្ញៀវទេសចរមកទស្សនាច្រើនជាងគេលំដាប់ទី២ លើពិភពលោក បន្ទាប់ពីបារាំង បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៧០,៤ លាននាក់ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៦ ដែលកើនឡើង ៥,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 

យោងតាមវិទ្យាស្ថានស្ថិតិជាតិអេស្ប៉ាញ (INE) ការចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិបានកើនឡើង ៨% ដល់កំណត់ត្រាថ្មីចំនួន ៩៩,៨ ពាន់លានអឺរ៉ូ (ប្រមាណ ១១២ ពាន់លានដុល្លារអាម៉េរិក) ក្នុងអំឡុងពេលនេះ។

 

វិទ្យាស្ថានបានបញ្ជាក់ថា ប្រសិនបើល្បឿនកំណើននេះបន្តរហូតដល់ចុងឆ្នាំ ២០២៦ ចំនួនភ្ញៀវទេសចរប្រចាំឆ្នាំអាចកើនលើស ១០០ លាននាក់ ជាលើកដំបូង និងអាចឈានដល់ ១០២ លាននាក់ ដោយទទួលបានការគាំទ្រពីការកក់សណ្ឋាគារ និងភ្នាក់ងារទេសចរណ៍ដែលមានកម្រិតខ្ពស់។

 

តាមការរាយការណ៍របស់ EuroNews ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅតែជាទីផ្សារទេសចរណ៍សំខាន់ៗចំនួន ៣ របស់អេស្ប៉ាញ រៀងគ្នា។

 

អេស្ប៉ាញរំពឹងថា នឹងទទួលភ្ញៀវទេសចរចំនួន ១០០ លាននាក់ ក្នុងឆ្នាំនេះ បន្ទាប់ពីបានបំបែកកំណត់ត្រាទទួលភ្ញៀវទេសចរ ៩៧ លាននាក់ កាលពីឆ្នាំ ២០២៥។

 

ប្រទេសនេះបានក្លាយជាចំណុចភ្លឺមួយនៅក្នុងវិស័យទេសចរណ៍ពិភពលោក ចំពេលមានវិបត្តិនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះនៅក្នុងប្រទេសជាច្រើនដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍។

 

អេស្ប៉ាញមានហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍លំដាប់ពិភពលោក រួមទាំង បណ្តាញរថភ្លើងល្បឿនលឿនធំជាងគេលំដាប់ទី២ នៅលើពិភពលោក និងការធ្វើទំនើបកម្មអាកាសយានដ្ឋានយ៉ាងទូលំទូលាយ។

...

 

កេរ្តិ៍ឈ្មោះរបស់អេស្ប៉ាញក្នុងនាមជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងស្ថិរភាព ក៏បានជួយគាំទ្រតម្រូវការទេសចរណ៍ផងដែរ ខណៈអ្នកធ្វើដំណើរមួយចំនួនបានផ្លាស់ប្តូរផែនការរបស់ពួកគេ ដោយជ្រើសរើសទៅកាន់គោលដៅផ្សេងជំនួសតំបន់មជ្ឈិមបូព៌ា ដោយសារវិបត្តិកំពុងបន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print