កីឡាការិនីតេន្នីសកំពូលហ្វីលីពីន Alexandra Eala ស្តីបន្ទោសអ្នកគាំទ្រប្រុសដែលខ្វះសុជីវធម៌នៅ Asian Games

ចែករំលែក៖

កីឡាការិនីតេន្នីសនារីឈានមុខគេរបស់អាស៊ីអាគ្នេយ៍ Alexandra Eala បានស្តីបន្ទោសអ្នកគាំទ្រម្នាក់ បន្ទាប់ពីបុរសរូបនេះបានគប់មួកទៅរកនាង ដើម្បីស្នើសុំហត្ថលេខា បន្ទាប់ពីការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៅ Asian Games 2026។

បន្ទាប់ពីយកឈ្នះយ៉ាងងាយស្រួលលើកីឡាការិនីតៃវ៉ាន់ Joanna Garland ដោយលទ្ធផល 7-5, 6-0 កាលពីថ្ងៃទី ៣០ ខែកញ្ញា Eala បានដើរចេញពីទីលាននៅ Higashiyama Park។ នៅពេលនាងដើរកាត់ក្រុមអ្នកគាំទ្រដែលកំពុងរង់ចាំនៅក្បែរទីតាំងអង្គុយទស្សនា អ្នកគាំទ្រប្រុសម្នាក់បានគប់មួក Baseball ពណ៌សទៅរកនាង។

កីឡាការិនីវ័យ ២១ ឆ្នាំ រូបនេះបានឈប់ភ្លាមៗ ដាក់កាបូបរ៉ាកែតចុះ និងនិយាយទៅកាន់បុរសរូបនោះដោយទឹកមុខម៉ឺងម៉ាត់។ Eala បានណែនាំអ្នកគាំទ្រថា មិនគួរគប់វត្ថុផ្សេងៗទៅលើកីឡាករទេ ហើយបញ្ជាក់ថា នាងរីករាយនឹងចុះហត្ថលេខាឱ្យ ប្រសិនបើស្នើសុំដោយសុភាពរាបសា។

នាងបាននិយាយថា៖ «លោកពូ មិនគួរគប់របស់របរទៅលើកីឡាករទេ។ ប្រសិនបើអ្នកនិយាយសុំដោយសុភាព ខ្ញុំនឹងចុះហត្ថលេខាឱ្យ»។ វីដេអូឃ្លីបនេះត្រូវបានអ្នកគាំទ្រម្នាក់បង្ហោះនៅលើ Instagram។

បន្ទាប់មក Eala បានលើកមួកពីលើដី ហើយចុះហត្ថលេខាលើមួកនោះ មុនពេលប្រគល់ត្រឡប់ទៅអ្នកគាំទ្រ ដែលបានសុំទោសចំពោះហេតុការណ៍នេះ។

Eala កើតក្នុងគ្រួសារដែលមានប្រពៃណីខាងកីឡា នៅទីក្រុង Quezon ប្រទេសហ្វីលីពីន។ បន្ទាប់ពីឈ្នះការប្រកួតយុវជនដ៏មានកិត្យានុភាព Les Petits As ក្នុងឆ្នាំ ២០១៨ នាងបានចូលហ្វឹកហាត់នៅ Rafa Nadal Academy ប្រទេសអេស្ប៉ាញ។ ការអភិវឌ្ឍសមត្ថភាពរបស់នាងបានទទួលការកោតសរសើរយ៉ាងខ្លាំងពី Rafael Nadal ផ្ទាល់ ដែលថ្មីៗនេះបានសរសេរសារសរសើរនាង បន្ទាប់ពីនាងត្រូវបានជ្រើសរើសចូលក្នុងបញ្ជី TIME100 Next 2026 ដោយកោតសរសើរនាងថា ជាកីឡាការិនីដែលមានទេពកោសល្យ និងមានភាពសាមញ្ញមិនអួតអាង។

ក្នុងអាជីពជាកីឡាការិនីយុវជន Eala បានឈ្នះជើងឯកវាយគូយុវជននារីនៅ Australian Open 2020 និង Roland Garros 2021 មុនពេលបង្កើតប្រវត្តិសាស្ត្រឈ្នះជើងឯកវាយឯកយុវជន Grand Slam នៅ US Open 2022 ដែលធ្វើឱ្យនាងក្លាយជាកីឡាការិនីហ្វីលីពីនដំបូងគេដែលអាចឈ្នះពាននេះ។

បន្ទាប់ពីក្លាយជាកីឡាការិនីអាជីព Eala បានបង្កើតការភ្ញាក់ផ្អើលជាបន្តបន្ទាប់នៅលើឆាកតេន្នីសពិភពលោក។ នាងបានយកឈ្នះកីឡាការិនីចំណាត់ថ្នាក់ពិភពលោកលេខ ២ Iga Swiatek និងជើងឯកអាមេរិក Coco Gauff នៅ Miami Open 2025។

នៅខែសីហា ឆ្នាំ ២០២៦ Eala បានឈ្នះពាន WTA 500 ជាលើកដំបូងរបស់ខ្លួននៅទីក្រុង Washington និងបានឡើងចូលក្នុងចំណោមកីឡាការិនីកំពូលទាំង ២០ របស់ពិភពលោក ដោយឈានដល់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងអាជីពលេខ ១៨ ដែលជាសមិទ្ធផលមិនធ្លាប់មានសម្រាប់កីឡាការិនីតេន្នីសនារីមកពីអាស៊ីអាគ្នេយ៍។

ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ Eala បានធ្វើឱ្យប្រជាជនហ្វីលីពីនចាប់អារម្មណ៍កាន់តែខ្លាំងលើកីឡាតេន្នីស នៅក្នុងប្រទេសមួយដែលកីឡាបាល់បោះ និងប្រដាល់មានប្រជាប្រិយភាពខ្លាំង។ Eala មានកម្ពស់ប្រហែល ១.៧៥ ម៉ែត្រ ហើយរបៀបលេងរបស់នាងជាញឹកញាប់ត្រូវបានប្រៀបធៀបទៅនឹងរឿងព្រេងតេន្នីសអាស៊ី Li Na។ អ្នកទាំងពីរមិនមានកម្លាំងបម្រើបាល់ខ្លាំង ប៉ុន្តែពឹងផ្អែកយ៉ាងខ្លាំងលើការចល័តខ្លួន ភាពអត់ធ្មត់ និងការវាយបកពីខ្សែបន្ទាត់ខាងក្រោយ។

នៅឆ្នាំនេះ Eala បានសម្រេចចិត្តតំណាងឱ្យ ហ្វីលីពីន ក្នុងការប្រកួត Asian Games ដោយទទួលយកហានិភ័យអាចប្រឈមនឹងការពិន័យពី WTA ព្រោះនាងបានដកខ្លួនពីការប្រកួត China Open ដែលជាកម្មវិធីដែលមានច្បាប់តម្រូវឱ្យកីឡាការិនីចូលរួមជាកាតព្វកិច្ច។

...

ទីបំផុត ដំណើររបស់ Eala នៅ Asian Games បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ដោយនាងទទួលបាន មេដាយសំរឹទ្ធ បន្ទាប់ពីរងបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមស្នាដៃកីឡាការិនីចិន Wang Xiyu៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print