សម្តេចធិបតី៖ ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន គឺជា «កាតព្វកិច្ចសីលធម៌ និង ជាកតញ្ញូតាធម៌ជាតិ»

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើក មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ ។

 

ថ្លែងក្នុងពិធីនោះ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន មិនមែនគ្រាន់តែជាកិច្ចការ មនុស្សធម៌នោះឡើយ តែជា «កាតព្វកិច្ចសីលធម៌ និងជាកតញ្ញូតាធម៌ជាតិ» ដែលអ្នកជំនាន់ក្រោយ ត្រូវតបស្នងចំពោះវីរជន និងរៀមច្បងជំនាន់មុន គ្រប់រូប ។ ជាការពិត, ការផ្តល់តម្លៃលើកតញ្ញូតាធម៌ ចំពោះឪពុកម្តាយ, ជីដូនជីតា និង បុព្វបុរស ជាសីលធម៌ និងគុណតម្លៃដែលចាក់ឫសជ្រៅក្នុង ផ្នត់គំនិតអាស៊ី រួមទាំងកម្ពុជា ។ VECONAC មិនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ក្នុងការលើកកម្ពស់ គុណភាពជីវិត, សុខុមាលភាព, និងការគាំពារសង្គមជូនអតីតយុទ្ធជន និងជនពិការដោយសារ សង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការតំបន់ដ៏មានឥទ្ធិពលមួយក្នុងការរួមចំណែក ដល់ ការថែរក្សាសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។

 

សម្តេចធិបតី មានប្រសាសន៍បន្ថែមថា មិនថាកម្ពុជា, ឥណ្ឌូចិន ឬ តំបន់អាស៊ានទាំងមូល យើងចាត់ទុកអតីតយុទ្ធជន ជាអ្នកការពារប្រវត្តិសាស្ត្រ, ឯករាជ្យភាព, អធិបតេយ្យ, បូរណភាពទឹកដី, និងសិទ្ធិស្វ័យសម្រេចលើការជ្រើសរើសមាគ៌ាអភិវឌ្ឍដែលសមស្របតាមបរិបទប្រវត្តិសាស្ត្រ និង វប្បធម៌របស់សង្គមជាតិនីមួយៗ។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា, សន្តិភាព និង ការបង្រួបបង្រួមជាតិ ពេញលេញដែលយើងទទួលបាននាពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ ពិភពលោកទាំងមូលបានស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ប្រធានព្រឹទ្ធសភា។

 

សម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា អតីតយុទ្ធជន និងនិវត្តជន ជា «ប្រតិបត្តិករផ្ទាល់» ដែល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដោយបងប្អូនបានបើកបេះដូងទទួលយក ការបង្រួបបង្រួមជាតិ និងស្មារតីឈ្នះ-ឈ្នះ ដោយគ្មានអ្នកចាញ់ និងមិនបានប្រើ គ្រាប់កាំភ្លើង សូម្បីមួយគ្រាប់ឡើយ ។ ការបង្កើតពាក្យស្លោក «អរគុណសន្តិភាព» ជាការជំរុញស្មារតីជាតិឱ្យ ស្រលាញ់, យល់ដឹង និងចូលរួមការពារសន្តិភាព ហើយទន្ទឹមនេះ ពាក្យនេះក៏មានរួមបញ្ចូលនូវអត្ថន័យសម្តែងការដឹងគុណ និងកតញ្ញូតាធម៌ចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងឡាយ ដែលបាន ចូលរួមក្នុងស្នាដៃដ៏មហស្ចារ្យនៅក្នុងការកសាងសន្តិភាពដ៏រឹងមាំមួយសម្រាប់កម្ពុជា ដែលគេធ្លាប់តែ ស្គាល់ថា ជាប្រទេសដែលទទួលរងនូវសោកនាដកម្មដ៏សង្វេគ ពីកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ ។

 

សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលកាន់តែ មានភាពស្មុគស្មាញ ជាមួយនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការកើនឡើងនៃបញ្ហា សន្តិសុខមិនមែនប្រពៃណី, កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ, ការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ដោយយកស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំ ក្នុងការកសាងសន្តិភាព។

 

មុននឹងបញ្ចប់, សម្តេចធិបតី បានចែករំលែកនូវទស្សនៈ និងផ្តល់អនុសាសន៍គន្លឹះមួយចំនួន ជូនមហាសន្និបាត និងសមាជិក VECONAC ទាំងអស់ សម្រាប់ជាមូលដ្ឋានក្នុងការពិចារណា និងរួមគ្នា ជំរុញការអនុវត្តទៅមុខ រួមមាន៖ ទី១- យើងត្រូវបន្តរួមគ្នាថែរក្សា និងលើកកម្ពស់តម្លៃនៃសន្តិភាព ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់តំបន់ ។ ទី២-យើងត្រូវពង្រឹងសាមគ្គីភាព, មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន។ ទី៣-យើងត្រូវ កំណត់ការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់អតីតយុទ្ធជនជាស្នូលនៃកិច្ចសហប្រតិបត្តិការ ។ ទី៤-យើងត្រូវលើកកម្ពស់តួនាទីអតីតយុទ្ធជន ជាអ្នកអប់រំសន្តិភាព និងជាស្ពានតភ្ជាប់ពីអតីតកាល ទៅបច្ចុប្បន្ន និង អនាគត ។ បទពិសោធរបស់អតីតយុទ្ធជន គឺជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់ មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ ។ ទី៥- VECONAC គួរតែមានភាពសកម្ម, ភាពធន់, និង ឆ្លើយតបជាងមុន ទៅនឹងបរិបទថ្មីរបស់តំបន់។ និង ទី៦- «ស្មារតីគ្រួសារ VECONAC» គួរត្រូវ បានថែរក្សា និងលើកកម្ពស់ឱ្យក្លាយជាកម្លាំងបង្រួបបង្រួមនៅក្នុងសហគមន៍អាស៊ាន។

...

 

ជាទីបញ្ចប់ សម្តេចធិបតី បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់យល់ច្បាស់អំពីតម្លៃនៃសន្តិភាព ជាងអតីតយុទ្ធជននោះឡើយ។ អតីតយុទ្ធជនគឺជាសកម្មជនដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សន្តិភាព យើងត្រូវរួមគ្នាធ្វើឱ្យគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជន ត្រូវបានចងចាំដោយការដឹងគុណ ធ្វើឱ្យបទពិសោធ និងមេរៀននៃសង្គ្រាម ក្លាយជាមេរៀនសម្រាប់សន្តិភាព និងធ្វើឱ្យសាមគ្គីភាពរបស់ អតីតយុទ្ធជន ក្លាយជាកម្លាំងរួមមួយ ដែលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ដែលមាន សន្តិភាព ស្ថិរភាព មិត្តភាព សុខុមាលភាព និងវិបុលភាពយូរអង្វែង សម្រាប់ប្រជាជនយើង និង មនុស្សជំនាន់ក្រោយ ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print