អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ការផ្សាយព័ត៌មានខុស (ព័ត៌មានមិនពិត) ដោយអ្នកសារព័ត៌មាន គឺត្រូវយកច្បាប់«ស្តីពីរបបសារព័ត៌មាន» (ឆ្នាំ១៩៩៥) មកអនុវត្តជាគោល

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា នៅរសៀលថ្ងៃទី៥ ខែតុលា នេះ បានបញ្ជាក់ថា ៖ ការផ្សាយព័ត៌មានខុស (ព័ត៌មានមិនពិត) ដោយអ្នកសារព័ត៌មាន គឺត្រូវយកច្បាប់«ស្តីពីរបបសារព័ត៌មាន» (ឆ្នាំ១៩៩៥) មកអនុវត្តជាគោល ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា តាមការសិក្សាស្រាវជ្រាវ ក្នុងច្បាប់នេះ មាត្រាដែលចែងចំៗអំពីការដោះស្រាយករណីផ្សាយព័ត៌មានខុសពីការពិត គឺ មាត្រា ១០។

 

១. បើតុលាការរកឃើញថា ការផ្សាយណាមួយមានលក្ខណៈខុសពីការពិត តាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី តុលាការអាចបង្គាប់ឱ្យសារព័ត៌មាននោះអនុវត្តវិធានការដូចខាងក្រោម៖

* ចុះផ្សាយនូវការកែតម្រូវ ឬ

* សងជំងឺចិត្ត ឬ

* ចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជំងឺចិត្តផង។

 

ម្យ៉ាងទៀត តុលាការអាចបញ្ជាឱ្យចុះផ្សាយសាលក្រមសម្រេចនេះនៅក្នុងសារព័ត៌មាន ដោយតម្រូវឱ្យភាគីខាងសារព័ត៌មាន (ជនជាប់ចោទ) ជាអ្នកទទួលបន្ទុកចេញសោហ៊ុយលើការបោះពុម្ពផ្សាយនោះ។

 

២. ករណីការផ្សាយព័ត៌មានខុស មានចរិតលក្ខណៈធ្ងន់ធ្ងរ ក្រៅពីការតម្រូវឱ្យកែតម្រូវ និងសងជំងឺចិត្ត ច្បាប់ក៏បានហាមឃាត់ និងមានការពិន័យលើការផ្សាយព័ត៌មានខុសដែលបង្កផលវិបាកធ្ងន់ធ្ងរផងដែរ៖

 

* ការរំលោភវិជ្ជាជីវៈធ្ងន់ធ្ងរ៖ ច្បាប់បានចាត់ទុកការសរសេរបញ្ឆិតបញ្ឆៀង ការមួលបង្កាច់ បរិហារកេរ្តិ៍ និងការជេរប្រមាថ គឺជាការរំលោភបំពានដ៏ធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

 

* ការញុះញង់ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ៖ សារព័ត៌មានមិនត្រូវបោះពុម្ពផ្សាយអ្វីដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដូចជាការញុះញង់ដោយផ្ទាល់ឱ្យមានអំពើហិង្សាឡើយ។

 

* ការពិន័យជាប្រាក់៖ ករណីផ្សាយពាណិជ្ជកម្មភូតកុហក ឬការផ្សាយដែលញុះញង់ឱ្យមានអំពើហិង្សា អាចត្រូវប្រឈមនឹងការផ្តន្ទាទោសពិន័យជាប្រាក់ពី មួយលានរៀល (១.០០០.០០០រៀល) ទៅ ប្រាំលានរៀល (៥.០០០.០០០រៀល)។

 

ចំណាំ៖ ទោះបីជាច្បាប់ស្តីពីរបបសារព័ត៌មានជាច្បាប់ពិសេស និងមានការវិវត្តនៃច្បាប់ផ្សេងៗទៀត ព្រមទាំងការរីកចម្រើនយ៉ាងខ្លាំងនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថលយ៉ាងណាក៏ដោយ ក៏ខ្លឹមសារសំខាន់ៗនៃច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ ១៩៩៥នេះ ធានានូវសិទ្ធិសេរីភាពខាងសារព័ត៌មាន សេរីភាពនៃការបោះពុម្ពផ្សាយ និងការមិនអនុញ្ញាតឱ្យមានការឃុំខ្លួនដាក់ពន្ធនាគារដោយសារការផ្សាយព័ត៌មាន (លើកលែងតែមានបទល្មើសព្រហ្មទណ្ឌផ្សេងទៀតដូចជា ការញុះញង់ ឬបរិហារកេរ្ដិ៍ធ្ងន់ធ្ងរ ពោលគឺបទញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌ) គឺនៅតែត្រូវបានយកមកអនុវត្តជាមូលដ្ឋានដដែល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print