សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកផ្នែក AI ២ឆ្នាំជាប់គ្នា

ចែករំលែក៖

សាកលវិទ្យាល័យ Nanyang Technological University (NTU) របស់សិង្ហបុរី បានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងវិស័យ បញ្ញាសិប្បនិម្មិត (AI) តាមចំណាត់ថ្នាក់ Global Ranking of Academic Subjects របស់ ShanghaiRanking ជាលើកទី២ជាប់គ្នា។

 

NTU ដែលក៏បានជាប់លេខ១ ក្នុងចំណាត់ថ្នាក់ AI កាលពីឆ្នាំមុនផងដែរ ទទួលបានពិន្ទុ 287.3 នាំមុខ Tsinghua University របស់ចិន ដែលឈរនៅលេខ២ ជាមួយពិន្ទុ 269.0 និង University of Toronto របស់កាណាដា ដែលឈរនៅលេខ៣ ជាមួយពិន្ទុ 258.8។

 

University of Toronto គឺជាស្ថាប័នតែមួយគត់ដែលមិនមែនមកពីអាស៊ី ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង៥ ខណៈ Zhejiang University របស់ចិន និង Harbin Institute of Technology ឈរនៅលេខ៤ និងលេខ៥ រៀងគ្នា។

 

Harvard University ឈរនៅលេខ៦ និងក្លាយជាសាកលវិទ្យាល័យអាម៉េរិកដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ។ Huazhong University of Science and Technology របស់ចិនឈរនៅលេខ៧ បន្ទាប់មក University of Alberta និង University of Montreal របស់កាណាដា ឈរនៅលេខ៨ និងលេខ៩។ ចំណែក Carnegie Mellon University របស់អាម៉េរិក បញ្ចប់ចំណាត់ថ្នាក់កំពូលទាំង១០។

 

សិង្ហបុរីមានសាកលវិទ្យាល័យចំនួន ៤ ត្រូវបានបញ្ចូលក្នុងចំណាត់ថ្នាក់វិស័យ AI។ National University of Singapore (NUS) ឈរនៅលេខ 19 លើពិភពលោក ដែលមានន័យថា រដ្ឋទីក្រុងនេះមានសាកលវិទ្យាល័យចំនួន២ ស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង២០។

 

Singapore University of Technology and Design ស្ថិតក្នុងក្រុមចំណាត់ថ្នាក់ 76–100 ខណៈ Singapore Management University ស្ថិតក្នុងក្រុម 101–150។

 

សាកលវិទ្យាល័យកំពូលទាំង១០ លើពិភពលោកផ្នែកបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ តាម ShanghaiRanking

 

ចំណាត់ថ្នាក់| សាកលវិទ្យាល័យ| ប្រទេស/តំបន់

1| Nanyang Technological University| សិង្ហបុរី

2| Tsinghua University| ចិន

3| University of Toronto| កាណាដា

4| Zhejiang University| ចិន

5| Harbin Institute of Technology| ចិន

6| Harvard University| អាម៉េរិក

7| Huazhong University of Science and Technology| ចិន

8| University of Alberta| កាណាដា

9| University of Montreal| កាណាដា

10| Carnegie Mellon University| អាម៉េរិក

 

ShanghaiRanking’s 2026 Global Ranking of Academic Subjects ដែលបានចេញផ្សាយនៅថ្ងៃទី 15 ខែកញ្ញា បានវាយតម្លៃមុខវិជ្ជាសិក្សាចំនួន 57 នៅក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិ វិស្វកម្ម វិទ្យាសាស្ត្រជីវិត វិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។

 

សាកលវិទ្យាល័យប្រមាណ 2,000 មកពី 96 ប្រទេស និងតំបន់ ត្រូវបានបញ្ចូលក្នុងចំណាត់ថ្នាក់នេះ។ ស្ថាប័ននីមួយៗត្រូវបានវាយតម្លៃតាមសូចនាករដែលបែងចែកជា ៥ប្រភេទ។

 

សម្រាប់វិស័យ AI ការវាយតម្លៃបានពិចារណាលើកត្តាជាច្រើន រួមមាន ចំនួនអ្នកស្រាវជ្រាវដែលមានការដកស្រង់ស្នាដៃខ្ពស់ អ្នកស្រាវជ្រាវឈានមុខក្នុងមហាវិទ្យាល័យ ចំនួនអត្ថបទស្រាវជ្រាវដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី និងសន្និសីទល្បីៗ លទ្ធផលស្រាវជ្រាវ ឥទ្ធិពលនៃការដកស្រង់ស្នាដៃ និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវអន្តរជាតិ។

...

 

ក្រៅពីវិស័យ AI, NTU ក៏បានជាប់ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង១០ លើពិភពលោកក្នុងមុខវិជ្ជាចំនួន ៧ផ្សេងទៀត និងឈរនៅចំណាត់ថ្នាក់ទី 84 ក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោកឆ្នាំ២០២៦ របស់ ShanghaiRanking៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print