ភ្នំពេញ៖ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប លោក Thamer Mohammed A. Algosaibi ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ទាំងកម្រិតរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច។
វិស័យអាទិភាពដែលបានពិភាក្សារួមមាន ការអភិវឌ្ឍឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម (SMEs) បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ហេដ្ឋារចនាសម្ព័ន្ធគុណភាព ការផ្គត់ផ្គង់ទឹកស្អាត និងឧស្សាហកម្មកាត់ដេរ។
ភាគីទាំងពីរបានឯកភាពបង្កើតយន្តការទំនាក់ទំនងផ្ទាល់ តាមរយៈការចាត់តាំងមន្ត្រីបង្គោល ដើម្បីបន្តសិក្សាលម្អិតលើវិស័យដែលមានសក្តានុពល និងពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាក្របខ័ណ្ឌសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ៕
ដោយ៖តារា










