នគរបាលខេត្តសៀមរាបចំណាយពេលជិត៤ខែស្រាវ ជ្រាវរកឃើញម៉ូតូ១គ្រឿងករណីកាប់ប្លន់នៅស្រុកអង្គរជុំ

ចែករំលែក៖

ខេត្តសៀមរាប÷ក្រោយពីតស៊ូស្រាវជ្រាវអស់រយៈពេលជិត៤ ខែ កន្លងមក ទីបំផុតម៉ូតូ០១ គ្រឿង ដែលបានបាត់ដោយសារអំពើលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) នៅស្រុកអង្គរជុំ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវរកឃើញ និងដកហូតម៉ូតូ របស់ជនរងគ្រោះបានមកវិញ។

នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងនគរបាលជំនាញបានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនឈ្មោះ សួរ សុវណ្ណា ហៅ ចំរើន ភេទប្រុស អាយុ ១៤ឆ្នាំ (កើតថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១១) មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើត និងទីលំនៅមុនពេលចាប់ខ្លួន នៅភូមិធិបតី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដែលត្រូវបានចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិកុក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។

បន្ទាប់មក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានបន្តចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៨២ ចខស/ថ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ចេញដោយលោក ស៊ិន ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ រ័ត្ន រតនសុផុន ឬ រដ្ឋ ណាតាផុន ហៅ ភុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ មានទីកន្លែងកំណើតនិងទីលំនៅមុនពេលចាប់ ខ្លួន នៅភូមិត្រីញ័រ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដែលត្រូវបានចោទប្រកាន់ពីបទ ទទួលផលចោរកម្ម ប្រព្រឹត្តនៅចំណុចក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។

ក្នុងការចុះអនុវត្តដីកាខាងលើ កម្លាំងជំនាញបានឆែក ឆេរ និងដកហូតបានម៉ូតូរបស់ជនរងគ្រោះ ១គ្រឿងម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៦ លេខតួ- លេខម៉ាស៊ីន ND125NE-0405013។ ម៉ូតូនេះត្រូវបានជនសង្ស័យដោះស្លាកលេខ និងដោះកញ្ចក់ចេញ រួចយកទៅលាក់ទុក។ ម៉ូតូខាងលើ ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប រង់ចាំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ ដើម្បីប្រគល់ជូនជនរងគ្រោះវិញ តាមនីតិវិធី។

ការចុះអនុវត្តដីកាខាងលើ ធ្វើឡើងបន្ទាប់ពីកាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលស្រុកអង្គរជុំ និងអធិការដ្ឋាននគរបាលស្រុកពួក ធ្វើការស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងករណីអំពើ លួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ប្រព្រឹត្តនៅចំណុចភូមិកុក ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប បានចំនួន ០៣ នាក់។

ដោយឡែក បក្សពួកជនសង្ស័យដែលបានគេចខ្លួន ត្រូវបានកម្លាំងនគរបាលជំនាញស្រាវជ្រាវ ស្វែងរកអត្តសញ្ញាណ និងបានស្នើសុំដីកាបង្គាប់ឱ្យចាប់ខ្លួនជាបន្តបន្ទាប់ បានចំនួន ០២ នាក់បន្ថែមទៀត។ ក្នុងនោះ ជនត្រូវចោទឈ្មោះ រ័ត្ន រតនសុផុន គឺជាមុខសញ្ញាទី៦ ដែលកម្លាំងជំនាញបានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន និងបានរកឃើញ ព្រមទាំងដកហូតបានម៉ូតូរបស់ជនរងគ្រោះមកវិញ បន្ទាប់ពីមុខសញ្ញានេះបានដោះស្លាកលេខម៉ូតូចេញ និងយកទៅលាក់ទុកអស់រយៈពេល ០៤ ខែ។

បច្ចុប្បន្ន ជនត្រូវចោទខាងលើ ត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំបញ្ជូនបន្តទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print