ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអតីតប្តីដែលបានលែងលះជាមួយប្រពន្ធអស់រយៈពេលប្រមាណ ៣ខែ បានមកសុំត្រូវគ្នាវិញ ប៉ុន្តែភាគីប្រពន្ធមិនព្រម ក៏កើតមានជម្លោះរហូតឈានដល់ការប្រើកាំបិតកាប់ប្រហារអតីតប្រពន្ធជាច្រើនកាំបិតបណ្ដាលឱ្យរងរបួសធ្ងន់។ បន្ទាប់មក ជនដៃដល់បានរត់ទៅធ្វើអត្តឃាតនៅក្នុងវត្តតាំងរនាម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨៖៣០នាទីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅចំណុចក្នុងវត្តតាំងរនាម ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះបានឱ្យដឹងថា ស្ត្រីរងគ្រោះ និងបុរសជាអតីតប្តីបានលែងលះគ្នាអស់រយៈពេលប្រមាណ ៣ខែមកហើយ។ ក្រោយមក អតីតប្តីបានមកសុំត្រូវគ្នាវិញ ប៉ុន្តែស្ត្រីរងគ្រោះមិនព្រម ក៏កើតមានជម្លោះ រហូតបុរសជាអតីតប្តីបានយកកាំបិតកាប់ប្រហារទៅលើស្ត្រីរងគ្រោះជាច្រើនកាំបិតបណ្ដាលឱ្យរងរបួសធ្ងន់។
ក្រោយកើតហេតុ ក្រុមគ្រួសារបានប្រញាប់ដឹកស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ចំណែកបុរសជាអតីតប្តីបានរត់ទៅក្នុងវត្តតាំងរនាមធ្វើអត្តឃាតតាមក្រោយ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យកន្លែងកើតហេតុ និងសព។ ក្រោយបញ្ចប់ការពិនិត្យ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










